ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ហ៊ុន ម៉ានី ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីការប្រកាសលទ្ធផលការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា

70

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង នៅរសៀលថ្ងៃទី 5 ខែកុម្ភៈឆ្នាំ 2024 នេះ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីការប្រកាសលទ្ធផលការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈដែលជាប្រធាន អនុប្រធាន សមាជិកនៃគណៈកម្មាការ និងអនុគណៈកម្មការពាក់ព័ន្ធ នៅមណ្ឌលកំណែ ស្ថិតក្នុងសាលាភូមិន្ទរដ្ឋបាល។

កំណត់សម្គាល់៖
១. ក្នុងរយៈពេល ១ (មួយ) សប្ដាហ៍ ត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧ម៉០០នាទីជាកំហិត បន្ទាប់ពីការប្រកាសលទ្ធផលនេះ៖

– បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកក្របខណ្ឌនៅទីកន្លែងការងារដែលបានជ្រើសរើសមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈតាមរយៈទូរស័ព្ទ/ តេឡេក្រាម ០៨៩ ៨៣៩ ១៣៨។

– បេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារ សាធារណៈ នៃក្រសួងមុខងារសាធារណៈដែលមានទីតាំងស្ថិតនៅផ្លូវអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

២. ផុតរយៈពេលកំណត់ខាងលើ ក្រសួងមុខងារសាធារណៈនឹងចេញសេចក្តីសម្រេចទទួលស្គាល់បេក្ខជនជាផ្លូវការ ដើម្បីបន្តនីតិវិធីនៃការរៀបចំ ការបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិ អប់រំកាយនិងកីឡា និងផ្តល់ក្របខណ្ឌ ស្របតាមលិខិតបទដ្ឋានជាធរមាន។

៣. បេក្ខជនជាប់បម្រុងមានភ្ជាប់នៅក្នុងបញ្ជីរាយនាមបេក្ខជនជាប់បម្រុង។

៤. បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរការបណ្តុះបណ្តាល ហើយករណីមានបេក្ខជនជាប់ស្ថាពរបោះបង់ក្របខណ្ឌ ក្រសួង អាចជ្រើសរើសយកបេក្ខជនជាប់បម្រុងដែលមានពិន្ទុខ្ពស់ជាងគេក្នុងខេត្ត ដើម្បីជំនួសបាន។ ការជ្រើសរើសជំនួសនេះអាចអនុវត្តបានតែក្នុង រយៈពេល ២ (ពីរ) សប្តាហ៍ បន្ទាប់ពីការបណ្តុះបណ្តាលបានចាប់ផ្ដើមតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង