ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនីតិវិធីនៃការបញ្ចប់មុខតំណែងមន្រ្តីនគរបាលជាតិនៅនាយកដ្ឋានបុគ្គលិកចំនួន៩រូប

83

 

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ គណនីហ្វេសប៊ុកមួយចំនួន រួមទាំងបណ្តាញទំនាក់ទំនងសង្គមនានា បានផ្សព្វផ្សាយព័ត៌មានស្ដីពី ការបញ្ចប់មុខតំណែងមន្ត្រីនគរបាលជាតិ។ អ្នកនាំពាក្យ មានការសោកស្តាយនូវការផ្សព្វផ្សាយព័ត៌មាននេះ ដែល នាំឱ្យសាធារណជនមានការភាន់ច្រឡំ ដោយសារមិនបានប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ទាក់ទងការ រៀបចំមុខងារសាធារណៈ ចំពោះនាយនគរបាលថ្នាក់ឧត្តមសេនីយ៍និងនាយនគរបាលជាន់ខ្ពស់ ដែលមានឈ្មោះ ក្នុងអនុក្រឹត្យលេខ១២២១ អនក្រ.តត ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យ សូមគូសបញ្ជាក់ថា អគ្គនាយកដ្ឋានធនធានមនុស្ស ជាអង្គភាពទើបបង្កើតថ្មី មាននាយកដ្ឋាន ចំនួន៤ ចំណុះឱ្យអគ្គនាយកដ្ឋាននេះ ក្នុងនោះ នាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្ទេរ មកចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស ដោយប្តូរឈ្មោះទៅជានាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិវិញ។ ក្នុងន័យនេះ ដើម្បីរៀបចំមុខតំណែងស្របតាមរចនាសម្ព័ន្ធថ្មីនៃនាយកដ្ឋាននីមួយៗ នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍និងនាយនគរបាលជាន់ខ្ពស់ ដែលមានឈ្មោះក្នុងអនុក្រឹត្យខាងលើនេះ អតីតមានមុខតំណែងជា គ្រូនគរបាលជាតិមានឋានៈស្មើអគ្គនាយករងនិងប្រធាននាយកដ្ឋាន នាយកវិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន បុគ្គលិកមានឋានៈនិងបុព្វសិទ្ធិស្មើប្រធាននាយកដ្ឋាន ត្រូវបានផ្ទេរសម្រួលភារកិច្ចនិងតែងតាំងមុខតំណែងថ្មី ឡើងវិញ ឱ្យទៅបម្រើការងារនៅនាយកដ្ឋាននីមួយៗ ចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ។ ជាគោលការណ៍និងនីតិវិធីនៃការរៀបចំមុខងារមន្ត្រីសាធារណៈ បើអង្គភាពសាមីស្នើសុំតែងតាំងមុខតំណែងថ្មី ដែលមានឋានៈទាបជាងមុខតំណែងចាស់ អង្គភាពជំនាញត្រូវតែរៀបចំនីតិវិធីបញ្ចប់មុខតំណែងចាស់ជាមុនសិន ដែលមានឋានៈខ្ពស់ជាង ទើបតែងតាំងមុខតំណែងថ្មីដែលមានឋានៈទាបជាងជាក្រោយ។

បន្ទាប់ពីបានបញ្ចប់មុខតំណែងចាស់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ មន្ត្រីនគរបាលជាតិដែលមាន ឈ្មោះក្នុងអនុក្រឹត្យខាងលើនេះ ត្រូវបានក្រសួងមហាផ្ទៃតែងតាំងមុខតំណែងថ្មី តាមរយៈប្រកាសចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ស្របតាមលក្ខណសម្បត្តិ សមត្ថភាពជំនាញ ការគោរពវិន័យ សីលធម៌ល្អ មានឆន្ទៈមោះមុត ខិតខំបំពេញភារកិច្ច និងមានការទទួលខុសត្រូវការងារខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង