ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងឧស្សាហកម្ម និងភ្នាក់ងារអភិវឌ្ឍន៍បារាំង ពិភាក្សាផែនការពង្រីកសេវាទឹកស្អាត

105

 

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានទទួលជួបគណៈប្រតិភូទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដឹកនាំដោយនាយិកាប្រចាំប្រទេស លោកស្រី Sandrine Boucher ព្រមទាំងបានពិភាក្សាអំពីលទ្ធភាពពង្រីកសមត្ថភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងការគាំទ្រដល់ប្រតិបត្តិករទឹកស្អាតផ្សេងទៀតក្នុងប្រទេស។

បន្ថែមលើគោលដៅដែលមានស្រាប់ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនពីអាទិភាពរបស់ក្រសួងក្នុងការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងផ្តោតលើការផ្គត់ផ្គង់សម្រាប់តំបន់ទីក្រុង ច្រករបៀងសេដ្ឋកិច្ច តំបន់ឧស្សាហកម្ម និងតំបន់កែច្នៃកសិផលជាដើម។

ទីភ្នាក់ងារ AFD បានសហការជាមួយរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញតាំងពីឆ្នាំ២០០២ ហើយថ្មីៗនេះបានផ្តល់ហិរញ្ញប្បទានចំនួន២០០លានអឺរ៉ូដល់កម្ពុជា សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាត។ លោកស្រីនាយិកាបានលើកឡើងថា ការវិនិយោគនេះបង្ហាញពីការបន្ស៊ីបេសកកម្មរបស់ AFD ជាមួយនឹងរបៀបវារៈអភិវឌ្ឍន៍វិស័យទឹកស្អាតប្រកបដោយមហិច្ឆតារបស់ក្រសួង។

AFD បានផ្តល់អ្នកជំនាញអន្តរជាតិ លោក Jacques Bertrand ដើម្បីគាំទ្រដល់ការបង្កើតផែនទីបង្ហាញផ្លូវមួយសម្រាប់រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្តីពីទឹក និងអនាម័យ (SDG6)។

នៅក្នុងជំនួបនោះ លោក Bertrand បានសង្កត់ធ្ងន់ថា គោលដៅអនាម័យអាចសម្រេចទៅបាន លុះត្រាតែកម្ពុជាអាចសម្រេចគោលដៅទឹកស្អាតជាមុន។ លោកបានផ្តល់អនុសាសន៍ឱ្យពង្រឹងសមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាពិសេសការគ្រប់គ្រងធនធានមនុស្ស និងបច្ចេកទេស ព្រមទាំងពង្រឹងសមត្ថភាពសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ដើម្បីលើកកម្ពស់ស្តង់ដារ និងឧត្តមានុវត្តន៍ក្នុងវិស័យទឹកស្អាត។

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះសមិទ្ធផលរបស់រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ ពិសេសការពង្រីកបណ្តាញចែកចាយ និងបង្កើនការតភ្ជាប់។ ឯកឧត្តមបានជម្រាបជូនពីផែនការរបស់ក្រសួងក្នុងការគ្រប់គ្រងទឹកស្អាតប្រកបយុទ្ធសាស្រ្ត រួមទាំងការសាងសង់អាងស្តុកទឹក រោងចក្រប្រព្រឹត្តកម្ម បណ្តាញចែកចាយ និងការលក់ទឹកដុំសម្រាប់ប្រតិបត្តិករឯកជន។

បច្ចុប្បន្ន ក្រសួងឧស្សាហកម្ម វបន កំពុងរៀបចំធ្វើការវាយតម្លៃស្ថានភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេស និងប្រើប្រាស់សមត្ថភាពរបស់រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញដើម្បីជាប្រយោជន៍ដល់រដ្ឋាករទឹកសាធារណៈផ្សេងៗទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីអាណត្តិកិច្ចរបស់ក្រសួងក្នុងការបង្កើតនិយតករទឹកស្អាត និងបានអញ្ជើញ AFD ឱ្យចូលរួមសហការជាមួយក្រសួងលើការងារបង្កើតផែនការមេ និងផែនការវិនិយោគវិស័យទឹកស្អាត៕

អត្ថបទដែលជាប់ទាក់ទង