ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា កាន់តែមានភាពរឹងមាំ គឺពិតជាបានមកពីការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាល

34

 

ភ្នំពេញ​ ៖ ក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ លោកស្រី កែវ រ័ត្នតារា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ បានថ្លែងថា ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា កាន់តែមានភាពរឹងមាំ គឺពិតជាបានមកពីការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាល ពិសេសនៅពេលមានគ្រោះអាសន្នណាមួយកើតឡើង។

លោកស្រី កែវ រ័ត្នតារា បានលើកឡើងពីលទ្ធផលការងារ ដែលគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ សម្រេចបាននាឆ្នាំ២០២៣កន្លងមក ដែលមានទាំងការប្រជុំពង្រឹងសមត្ថភាពនៅទូទាំងខណ្ឌទាំង១៤និងសង្កាត់ទាំង១០៥ បានរៀបចំវេទិកាពីគ្រោះយោបល់ ជាមួយនិងការចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋជាដើម។

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ បើមិនការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលរាជធានីភ្នំពេញទេ គឺពិតជាមិនអាចសម្រេចបានលទ្ធផលជាផ្លែផ្កាឡើយ។

លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងកោតសរសើរចំពោះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញដែលបានបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អនិងជោគជ័យ គួរជាទីមោទនៈនាឆ្នាំ២០២៣កន្លងមកនេះ។ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី សម្រេចបានលទ្ធផលយ៉ាងធំធេងទាំងនយោបាយនិងសេដ្ឋកិច្ច។ បន្តថែរក្សាពូនជ្រំ នូវសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក ហើយធ្វើការដឹកនាំដោយចក្ខុវិស័យច្បាស់លាស់ ជាពិសេសការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានផ្ដោតសំខាន់លើមុំចំនួន៥ គឺទឹក ផ្លូវ ភ្លើង មនុស្ស និងវិស័យបច្ចេកវិទ្យា(ឌីជីថល)។

លោកម៉ប់ សារិន បានបន្តទៀតថា កិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញខាងលើនេះ គឺដើម្បីពិនិត្យលទ្ធផលដែលសម្រេចបាន រកចំណុចខ្លាំង ចំណុចខ្សោយ ចងក្រងប្រមូលផ្តុំ ជាទិន្នន័យ ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាព។

លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងសូមអោយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញ បន្តបណ្តុះបណ្តាល ពង្រឹងសមត្ថភាពទៅខណ្ឌ សង្កាត់ទាំង១០៥ ដើម្បីអោយមន្ត្រីរបស់យើងអនុវត្តការងារ ដោះស្រាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានអោយកាន់តែល្អប្រសើរ។ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៅថ្នាក់ខណ្ឌ សង្កាត់ត្រូវតែដឹងពីតួនាទីនិងភាកិច្ចរបស់ខ្លួនដើម្បីចូលរួមអភិវឌ្ឍន៍សមត្ថភាពនិងលើកកំពស់ ការអនុវត្តតួនាទី ភារកិច្ចរបស់ គ ក ស ក ខណ្ឌនិង គ ក ន ក សង្កាត់ កាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង