ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បណ្ដេញ​អធិការរង​ក្រុង​កំពត​ម្នាក់ ចេញពី​ក្របខ័ណ្ឌ​ ក្រោយ​រក​ឃើញ​ពាក់ព័ន្ធ​គ្រឿងញៀន

53

 

ខេត្តកំពត ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបណ្តេញលោក​អនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរង​ក្រុង​កំពត ​​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ ជា​ផ្លូវការ​ហើយ ក្រោយ​រក​ឃើញ​ថា មានការ​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន ។

លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ​ថា សម្អាតផ្ទះយើងឲ្យស្អាត ជាអ្នកអនុវត្តច្បាប់ ជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែបែរជាធ្វើគំរូអាក្រក់សម្រាប់ខ្លួនឯង និងកិត្តិយសរបស់កងកម្លាំងនគរបាលជាតិ។ អធិការរងក្រុងកំពត ដែលពាក់ព័ន្ធនិងការប្រើប្រាស់គ្រឿងញៀន ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ នេះជាសារសម្រាប់ដាស់តឿនដល់កម្លាំងដ៏ទៃទៀត ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងធ្វើជានគរបាលល្អសម្រាប់បំរើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៣ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​គោរព​ស្នើ​សុំ​គោលការណ៍ ពី​ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ ចំពោះ​លោក​អនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរង​ក្រុង​កំពត ដែល​បាន​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​កិត្តិយស​កងកម្លាំង​នគរបាល​ជាតិ ។

លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​ចាត់​ទុក​ថា ការ​បណ្ដេញ​អធិការរង​ម្នាក់​ចេញពី​ក្របខ័ណ្ឌ ប្រៀប​ដូច​ជា​សារ​ព្រមាន​ដល់​កងកម្លាំង​ទាំងអស់ នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកំពត ដាច់ខាត​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។

សូម​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន បាន​ដំណើរការ​ធ្វើតេស្ត​ត្រួតពិនិត្យ​រក​សារធាតុ​ញៀន ដល់​មន្ត្រី​នគរបាល​ទូ​ទាំង​ខេត្ត​។ ដោយ​ចាប់​អនុវត្ត​ពី​មន្ត្រី នៅ​ក្នុង​ការិយាល័យ​ជំនាញ​ជា​មុន រួច​ហើយ​បន្ត​រហូត ដល់​មន្ត្រី​នៅ​អធិការដ្ឋាន​នគរបាល​ទាំង ៩ ក្រុង -ស្រុក ទូ​ទាំង​ខេត្តកំពត ទាំងមូល៕

 

អត្ថបទដែលជាប់ទាក់ទង