ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងជូនប្រជាកសិករ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

28

 

ខេត្តកំពង់ធំ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជូនបងប្អូនប្រជាកសិករដែលកំពុងប្រឈមខ្វះទឹកស្រោចស្រព ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

បើតាមលោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានឱ្យដឹងថា ផែនការបង្កបង្កើនផលស្រូវប្រាំងឆ្នាំ២០២៣-២០២៤ នៅខេត្តកំពង់ធំមានចំនួន ៦០ ៦០០ ហិកតា តែការអនុវត្តជាក់ស្តែងមានចំនួន ៨៣ ៤៧១ ហិកតា លើសផែនការចំនួន ២១ ៨៧១ ហិកតា ក្នុងនោះស្រូវប្រាំងរងផលប៉ះពាល់សរុបមានប្រមាណ ១៨០០ ហិកតា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយមន្ត្រីជំនាញក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជូនប្រជាពលរដ្ឋនៅប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតខាងជើងប្រមាណ ៦០០ហិកតា ស្ថិតនៅក្នុងភូមិបឹងល្វា ឃុំកំពង់ថ្ម និងភូមិបន្ទាយយមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា កិច្ចអន្តរាគមន៍នៅពេលនេះ ក្រុមការងារបានប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តកំលាំង ៦៥សេះ ចំនួន ៣គ្រឿង ដាក់ដំឡើងនៅលើប្រឡាយមេទី១ នៃប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត បូមទឹកទម្លាក់ចូលតាមប្រឡាយរងចំនួន ៣ខ្សែគឺប្រឡាយរងទី១ ប្រឡាយរងទី២ និងប្រឡាយរងទី៣ ដើម្បីឱ្យប្រជាពលរដ្ឋចាត់ចែងបូមបន្តដាក់ស្រែរបស់ពួកគាត់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ យកចិត្តទុកដាក់សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បន្តនូវកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង ជូនប្រជាកសិករដែលកំពុងប្រឈមខ្វះទឹកស្រោចស្រព។

តំណាងប្រជាកសិករដែលកំពុងបង្កបង្កើនផលស្រូវប្រាំងនៅប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ខេត្តកំពង់ធំបានសម្តែងនូវក្តីរីករាយ និងសូមថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយគ្រប់មធ្យោបាយសង្រ្គោះស្រូវប្រាំងរបស់ពួកគាត់ដែលកំពុងប្រឈមខ្វះទឹកស្រោចស្រព និងបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ថ្នាក់ដឹកនាំក្រសួង និងមន្ទីរ ព្រមទាំងអាជ្ញាធរមូលដ្ឋានដែលបានចុះអន្តរាគមន៍ដោយផ្ទាល់ និងបញ្ជូនម៉ាស៊ីនបូមទឹកចល័តជួយបូមទឹកសង្រ្គោះស្រូវប្រាំងនាពេលនេះ។

សូមបញ្ជាក់ថា ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងដែលប្រឈមខ្វះទឹកស្រោចស្រពសម្រេចបានប្រមាណ ១០៦១ ហិកតា លើផ្ទៃដីស្រូវប្រាំងដែលរងផលប៉ះពាល់សរុបប្រមាណ ១៨០០ ហិកតា ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តកំលាំង ៦៥សេះ ចំនួន ១៦គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង