ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ នាថ្ងៃទី៧ ខែកុម្ភៈ

112

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី៧ កុម្ភៈ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា “បំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ” ។

បើតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ តប តាមការអញ្ជើញរបស់ ឯកឧត្ដម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។
អញ្ជើញអមដំណើរ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទេស រដ្ឋមន្ត្រីរដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភា ពាណិជ្ជកម្មកម្ពុជា។

នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី និងលោកជំទាវ នឹងចូលក្រាបបង្គំគាល់ ព្រះបាទមហាវ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ភ្លៅចៅយូហួរ ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រថៃ នៅព្រះបរមរាជវាំង។ សម្តេចធិបតី នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ ដោយឡែកជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរួមមាន ឯកឧត្តមសាស្ត្រាចារ្យ ផនភេត វិឈិតឆុល ឆៃ ប្រធានព្រឹទ្ធសភា និង ឯកឧត្ដម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា។

សម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម សេដ្ឋា ថាវីស៊ីន នឹងជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារ ស្តីពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីមួយចំនួន។ ដោយឡែក សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងសុន្ទរកថាបើកនៅក្នុង វេទិកាធុរកិច្ចកម្ពុជា-ថៃ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់ព្រះរាជាណាចក្រថៃ នាពេលខាងមុខ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្ដល់ផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ។

រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តបេសកកម្មការទូតដ៏សកម្ម ឈរលើគោលការណ៍នៃការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយប្រកាន់ខ្ជាប់អធិបតេយ្យភាព និងស្វែងរកផលប្រយោផន៍ជូនជាតិ និងប្រជាជនជាអាទិភាពចម្បង ។ ថ្ងៃនេះ ដោយឈរលើមាគ៌ាច្បាស់លាស់នេះ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបន្តបេសកកម្មការទូតក្រៅប្រទេសលើកទី១០ របស់ខ្លួនលើបេសកកម្មការទូតសំខាន់កន្លងមក រួមមាន៖

ទី១-ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី
ទី២-ទស្សនកិច្ចផ្លូវការ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅសាធារណរដ្ឋប្រជាមានិតចិន
ទី៣-ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត
ទី៤-ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ទី៥-ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
ទី៦-ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ទី៧-ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទររំលឹកខួប ៥០ឆ្នាំ នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
ទី៨-ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស-ខ្លូស្ទ័រ សហព័ន្ធស្វីស
ទី៩- ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និង
ទី១០-ទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ ៕

អត្ថបទដែលជាប់ទាក់ទង