ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

UNDP បង្ហាញជំហរខ្ពស់ សន្យាយកចិត្តទុកដាក់ ជួយកម្ពុជា ក្នុងការរៀបចំគន្លឹះអភិវឌ្ឍន៍នានា សំដៅស្វែងរកសក្ដានុពល និងភាពទាក់ទាញរបស់កម្ពុជាក្នុងការវិនិយោគ

71

 

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា តាមការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកការប្រើប្រាស់ថាមពលស្អាតឱ្យបានប្រមាណ៧០% នៃថាមពលសរុបត្រឹមឆ្នាំ២០៣០។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងអង្គជំនួបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដែលបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក មានជាអាថិ៍ការគាំទ្រជំរុញលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា តាមរយៈការផ្ដល់ជូនស្ថានីយសាករថយន្តអគ្គិសនីមករាជរដ្ឋាភិបាល។ ជាក់ស្ដែងសកម្មភាពនេះបានអនុវត្តស្របទៅតាមការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រីកការប្រើប្រាស់ថាមពលស្អាតឱ្យបានប្រមាណ៧០% នៃថាមពលសរុបត្រឹមឆ្នាំ២០៣០ និងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដាក់ចេញដោយអង្គការសហប្រជាជាតិផងដែរ។ ការចូលរួមរបស់ UNDP ក្នុងការផ្ដល់ជូនស្ថានីយសាករថយន្តអគ្គិសនីមកកម្ពុជា ក៏ជាទឡ្ហីករសំខាន់មួយរួមចំណែកទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋឱ្យងាកមកសិក្សាលើការប្រើប្រាស់ប្រភេទយានយន្តអគ្គិសនីផងដែរ។

លោកស្រីអ្នកតំណាង UNDP បានកោតសរសើរនូវលទ្ធផលយ៉ាងល្អប្រសើររបស់រាជរដ្ឋាភិបាលក្នុងកិច្ចការងារអភិវឌ្ឍន៍ជាតិនាពេលកន្លងមក ហើយឆ្លៀតក្នុងឱកាសនេះលោកស្រីក៏បានថ្លែងការអបអរសាទរជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែលបានទទួលទំនុកចិត្តពីរាជរដ្ឋាភិបាល ទទួលភារកិច្ចទាក់ទាញវិនិយោគិនចូលមកកម្ពុជាបន្ថែមទៀត។ លោកស្រីក៏បានបង្ហាញជំហរខ្ពស់ សន្យាយកចិត្តទុកដាក់ ជួយកម្ពុជាក្នុងការរៀបចំគន្លឹះអភិវឌ្ឍន៍នានា សំដៅស្វែងរកសក្ដានុពល និងភាពទាក់ទាញរបស់កម្ពុជាក្នុងការវិនិយោគ ដើម្បីបង្ហាញជូនបណ្ដាវិនិយោគិននៅលើពិភពលោក អាចស្វែងយល់អំពីកម្ពុជាឱ្យបានកាន់តែប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង