ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ក្នុងអំឡុងពេលប្រារព្ធមីទ្ទីង បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

90

 

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៨ ខែ កុម្ភៈឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ក្នុងអំឡុងពេលប្រារព្ធមីទ្ទីង បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤
របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នឹងរៀបចំធ្វើមីទ្ទីងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៦:០០នាទី ដោយធ្វើការជួបជុំនៅទីស្នាក់ការមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ស្ថិតនៅដីឡូតិ៍លេខ២៧៧០ លើផ្លូវម៉ៃដា(លេខ២០០៤) ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានអ្នកចូលំរួមចំនួន ១០.០០០នាក់ មកពីតាមបណ្តាខណ្ឌនានាក្នុងរាជធានីភ្នំពេញ។ បន្ទាប់មកធ្វើការ ដង្ហែក្បួនចេញពីទីតាំងជួបជុំទៅតាមផ្លូវសំខាន់ៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងអំឡុងពេល នៃការជួបជុំធ្វើមីទ្ធីងបើកយុទ្ធនាការឃោសនានៅទីតាំងខាងលើនេះ អាចមានចរាចរ មមាញឹកខ្លាំងដោយសារមធ្យោបាយធ្វើដំណើរ របស់សមាជិក-សមាជិកាគណបក្សដែលអញ្ជើញចូលរួម ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋដែលពុំមានការងារចាំបាច់ ពុំគួរធ្វើដំណើរឆ្លងកាត់តំបន់ប្រារព្ធពិធីឡើយ ចៀសវាង ការកកស្ទះចរាចរណ៍កើតឡើង។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធមីទ្ទីង និងតាមដងផ្លូវហែក្បួនបើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ៕

អត្ថបទដែលជាប់ទាក់ទង