ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាសរុបចំនួន ១៩៧,៧៨៥ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ

50

 

ភ្នំពេញ ៖ ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ថវិកាសរុបចំនួន ១៩៧,៧៨៥ ដុល្លារអាមេរិក ដល់ស្ថាប័នទទួល ជំនួយចំនួនពីរ ក្រោមគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ចជប៉ុន ជំនួយឥតសំណងសម្រាប់
គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយឥតសំណង នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅម៉ោង ១០:០០ ព្រឹក នៅសាលពហុបំណង នៃស្ថានទូតជប៉ុន។

ស្ថាប័នទទួល ជំនួយចំនួនពីររួមមាន ៖
១. ថវិកាចំនួន ៧១,១៣៧ ដុល្លារអាមេរិក សម្រាប់ “គម្រោងផ្តល់ម៉ាស៊ីនសម្រាប់ផលិតឧបករណ៍ សិប្បនិម្មិត និងឧបករណ៍ព្យាបាលកាយសម្បទា នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយស ម្បទា ក្នុងខេត្តសៀមរាប“។ ស្ថាប័នទទួលជំនួយ៖ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ខេត្តសៀមរាប។
២. ថវិកាចំនួន ១២៦,៦៤៨ ដុល្លារអាមេរិក សម្រាប់ “គម្រោងសាងសង់អគារមន្ទីរពេទ្យថ្មី នៅ មណ្ឌលសុខភាពរវៀង ក្នុងខេត្តព្រះវិហារ“
ស្ថាប័នទទួលជំនួយ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ។ កិច្ចសន្យាផ្តល់ជំនួយ នឹងត្រូវចុះហត្ថលេខាដោយ ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាង ស្ថាប័នទទួលជំនួយទាំងពីរខាងលើ នៅស្ថានទូតជប៉ុន។

លោក ម៉ុម សុត្ថារ៉ា នាយករងមូលនិធិជនពិការ តំណាងឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកមូលនិធិជនពិការ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើគម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ) របស់ស្ថានទូតជប៉ុនចំនួន ១៩៨,៧៨៥ដុល្លារអាមេរិក លើគម្រោងចំនួន២ គឺគម្រោងផ្តល់ម៉ាស៊ីនផលិតជើងសិប្បនិម្មិត និងឧបករណ៍ព្យាបាលដោយចលនា នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាបចំនួន ៧១,១៣៧ដុល្លារអាមេរិក និងគម្រោងសាងសង់អគារមន្ទីរពេទ្យថ្មី នៅមណ្ឌលសុខភាពរវៀង ក្នុងខេត្តព្រះវិហារចំនួន ១២៦,៦៤៨ដុល្លារអាមេរិក។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំមូលនិធិជនពិការ ប្រធានមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាសៀមរាប មន្រ្តីសុខាភិបាលខេត្តព្រះវិហារ និងមន្រ្តីស្ថានទូតជប៉ុនជាច្រើនរូប។

លោក ម៉ុម សុត្ថារ៉ា នាយករងមូលនិធិជនពិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែយកចិត្តទុកដាក់ ជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តួយ៉ាងគម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ) របស់ស្ថានទូតជប៉ុននេះ បានគាំទ្រដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ៤រួចមកហើយ គឺនៅខេត្តក្រចេះ តាកែវ ព្រៃវែង និងគៀនឃ្លាំង។ លោកបន្តថា ការផ្តល់ជំនួយឥតសំណងនេះ នឹងត្រូវប្រើប្រាស់សម្រាប់តម្លើងឧបករណ៍ផលិតជើងសិប្បនិម្មិត និងស្តារលទ្ធភាពពលកម្ម ចំនួន១២ប្រភេទ នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាក្នុងខេត្តសៀមរាប។ លោកសង្ឃឹមថា គម្រោងនេះនឹងជួយកែលម្អសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ឱ្យកាន់តែល្អប្រសើរជាងមុន ដើម្បីលើកម្ពស់សុខុមាលភាព និងលទ្ធភាពរបស់ជនមានពិការភាពក្នុងការចូលរួមសកម្មភាពសង្គមឱ្យកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង