ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈមេធាវី មិនគាំទ្រចំពោះការយកហិង្សាមកដោះស្រាយបញ្ហាឡើយ ខណៈលោកមេធាវី ទូច វឌ្ឍនៈ បានបាញ់ប្រហារទៅលើស្រ្តីម្នាក់

107

 

ភ្នំពេញ ៖ គណៈមេធាវី ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបាញ់ប្រហាររបស់លោកមេធាវី ទូច វឌ្ឍនៈ ទៅលើស្ត្រីឈ្មោះ អែម សុវីដែត។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសមាជិក- សមាជិកាគណៈមេធាវីនិងសាធារណជនមេត្តាជ្រាបថា នៅវេលាម៉ោងប្រហែល ២០:៣០នាទី យប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ លោកមេធាវី ទូច វឌ្ឍនៈ អត្តលេខ២២១៣ បានបាញ់ប្រហារទៅលើស្រ្តីម្នាក់ឈ្មោះ អែម សុវីដែត អាយុ២៥ឆ្នាំ និងបាន បាញ់សម្លាប់ខ្លួនឯង បណ្តាលឱ្យលោកស្រី អែម សុវីដែត ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯ លោកមេធាវី ទូច វឌ្ឍនៈ បានរងរបួសធ្ងន់ បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានការសោកស្តាយ ក្រៃលែងចំពោះហេតុការណ៍ដ៏គួរឱ្យរន្ធត់តក់ស្លុតនេះ។ គណៈមេធាវីនៃព្រះរាជាណាចក្រ កម្ពុជា មិនគាំទ្រចំពោះការយកហិង្សាមកដោះស្រាយបញ្ហាឡើយ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់សមាជិក-សមាជិកាគណៈមេធាវីនិងប្រជាពលរដ្ឋ ទាំងអស់សូមកុំយកហិង្សាទៅដោះស្រាយបញ្ហា ដោយជំនួសមកវិញនូវការដោះស្រាយដោយសន្តិវិធីនិងតាមផ្លូវច្បាប់។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសាររបស់លោកស្រី អែម សុវីដែត និងសូមបួងសួងឱ្យលោក មេធាវី ទូច វឌ្ឍនៈ ឆ្លងផុតពីការសង្គ្រោះបន្ទាន់នេះ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តតាមដានការវិវត្តនៃហេតុការណ៍នេះ ហើយជូនដំណឹងដល់សមាជិក-សមាជិកាគណៈមេធាវីនិងសាធារណជនបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង