ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ ជិះម៉ូតូអាគុបដឹកកូន២នាក់ ទៅយកប្រពន្ធចេញពីធ្វើការ ត្រូវរថយន្តបុកពីក្រោយ អូសឡើង​ចិញ្ចើមផ្លូវ​ ស្លាប់កូនស្រី កូនប្រុសរបួសមធ្យម​ ឪពុករបួសធ្ងន់ ហើយរថយន្តបង្កបើករត់បាត់

256

 

ភ្នំពេញ ៖ បុរសជាឪពុកម្នាក់ជិះម៉ូតូអាគុបស៊េរីចាស់ ដឹកកូនប្រុសស្រី២នាក់ ទៅយកប្រពន្ធចេញពីធ្វើការនៅផ្សារទំនើបAEON-3 តែមិនទាន់ដល់ផង ត្រូវរថយន្តមួយបាំងកន្លះពណ៌ស(មិនចាំផ្លាកលេខ) បើកលឿនដូចហោះ បុកពីក្រោយម៉ូតូរបស់ជនរងគ្រោះប៉ើងខ្ទាតបោកនឹងថ្នល់​ និងអូសទាំងមនុស្សនិងម៉ូតូឡើងចិញ្ចើមផ្លូវ បណ្ដាលឲ្យរបួសកូនស្រីស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ រីឯឪពុករងរបួសធ្ងន់​ និងកូនប្រុសតូចរបួសមធ្យម ចំណែករថយន្តមិនបន្ថយល្បឿនកិនអូសម៉ូតូទៅកល់ជាប់ពំនូកខ្សាច់ខ្ទេចខ្ទីស្ទើរទាំងស្រុង​ ហើយបន្ថែមល្បឿនបើក​រត់បាត់ ហេតុការណ៍ដ៏រន្ធត់នេះស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោហ៊ុនសែន​ ហៅផ្លូវ៦០ម៉ែត្រ​ ត្រង់ចំណុចមុខបង្គោលគីឡូម៉ែត្រលេខ៧(ខាងកើតថ្នល់) ក្នុងសង្កាត់ជើងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ កាលពីនៅវេលាម៉ោងប្រមាណ០៩:៣៥នាទីយប់​ ថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០២៤​នេះ ដែលជាថ្ងៃចូលឆ្នាំចិនថ្ងៃទី២ផងដែរ ។ (នៅទល់មុខចំណុចកើតហេតុ​ឃើញមានកាមេរ៉ាសុវត្ថិភាពបំពាក់លើបង្គោលភ្លើង អាចថតសកម្មភាពនិងស្លាកលេខរថយន្តពណ៍សនោះបានជាមិនខាន​) ។

ក្រោយពេលកើតហេតុ​ ជនរងគ្រោះទាំងបីនាក់ត្រូវបានប្រជាពលរដ្ឋហៅកង់បីដឹកទៅពេទ្យ​ ព្រោះខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត ចំណែកក្មេងស្រីរងគ្រោះបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ​គន្ធបុប្ផា​ដែរ​ ក្រុមគ្រូពេទ្យក៏បានព្យាយាមសង្គ្រោះតាមលទ្ធភាពដែរ​ តែអកុសលដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក​បានផុតដង្ហើមស្លាប់ទៅហើយ​ មិនអាចជួយសង្គ្រោះជីវិតបានទេ​ ។
បុរសជាឪពុកឈ្មោះ សោម​ សីហាក់​ អាយុ​៣៥ឆ្នាំ រងរបួសធ្ងន់​ ជាអ្នកបើកម៉ូតូ​អាគប់ CUP-50 ស៊េរីចាស់​ ពណ៍ទឹកប៊ិចចាស់ ពាក់ស្លាកលេខភ្នំពេញ 1AV-8317 ដឹកកូនប្រុសម្នាក់ជិះខាងមុខឈ្មោះ សោម​ សុវណ្ណបញ្ញា អាយុ៤ឆ្នាំ រងរបួសបែកក្បាល និងពកក្បាលពីក្រោយ ចំណែកកូនស្រីម្នាក់ទៀតជិះឱបចង្កេះពីក្រោយឈ្មោះ សោម បញ្ញាលីកា អាយុ១១ឆ្នាំ​ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ ម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ជើងឯក​ ចុះទៅយកទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំផ្នែកជំនាញចរាចរណ៍ខណ្ឌដង្កោ​ ធ្វើការតាមជំនាញបន្តទៀត​ ។

បច្ចុប្បន្ន​សពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី​ នៅផ្ទះរបស់ក្រុមគ្រួសារជនរងគ្រោះ​ ស្ថិតនៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ក្រុមគ្រួសារពុំសូវមានលទ្ធភាពធ្វើបុណ្យទេ ៕

អត្ថបទដែលជាប់ទាក់ទង