ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ ៖ អភិបាលរាជធានីភ្នំពេញ បានចូលរួមចំណែកដឹកនាំកែលំអរ សោភណ្ឌភាពនិងអភិវឌ្ឍន៍ទីក្រុងភ្នំពេញ ឲ្យមានភាពស្រស់បំព្រងល្អស្អាត ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល

139

 

ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នាព្រឹកថ្ងៃទី១៤ កុម្ភៈឆ្នាំ២០២៤នេះ បានយាងជា​ធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ សួរសុខទុក្ខ​ ប្រោស​ព្រះរាជទាន​ ព្រះរាជ​អំណោយ​ដល់​ក្រុម​កម្មករ​ កម្មការិនី​ ប្រមូល​សំរាម​ និង​សម្អាត​ទីក្រុង​ ចំនួនជាង២០០០នាក់ អបអរ​សារទរ​ទិវាជាតិទីក្រុង​ស្អាត​ ។

ព្រះ​រាជពិធី​ បានប្រារព្វធ្វើឡើងនៅលើ កោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានកម្មករ​ កម្មការិនី​ ប្រមូល​សំរាម​ និង​សម្អាត​ទីក្រុង​ មកពី ក្រុមហ៊ុន​៣​ ចូលរួម រួមមាន ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ក្រុមហ៊ុន 800 SUPER/GAEA និង​ក្រុមហ៊ុន Mizuda Group Co.,Ltd ។​

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុងឱកាសនោះ បានមានព្រះរាជបន្ទូល កោតសរសើរចំពោះអភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំរាជធានីភ្នំពេញអោយក្លាយជាទីក្រុងស្អាត មានសោភណ្ឌភាពទាក់ទាញ និងលើកកំពស់ជីវីភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ក្រោមការដឹកនាំកិត្តិបណ្ឌិតដ៏ឆ្នើមនិងប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រតិបត្តិតាមមាគ៌ារ ដ៏ល្អប្រពៃនិងមរតក នយោបាយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានដឹកនាំសង្គមជាតិយើងទាំងនៅទីក្រុង ក៏ដូចជានៅជនបទទទួលបាននូវសេចក្តីសុខ សន្តិភាពនិងការអភិវឌ្ឍរីកចំរើន លូតលាស់លើគ្រប់វិស័យ។

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា អភិបាលរាជធានីភ្នំពេញ បានចូលរួមចំណែកដឹកនាំកែលំអរ សោភណ្ឌភាពនិងអភិវឌ្ឍន៍ទីក្រុងភ្នំពេញឲ្យមានភាពស្រស់បំព្រងល្អស្អាត ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។ សូមកោតសរសើរនិងអរគុណបងប្អូន កម្មករ កម្មការរិនីទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមថែរក្សាបរិស្ថាននិងសំអាតទីក្រុងភ្នំពេញអោយមានអនាម័យល្អស្អាតនិងមានសោភណ្ឌភាពល្អ។

ព្រះករុណាព្រះមហាក្សត្រ បានអំពាវនាវគ្រប់ក្រសួងស្ថាប័នរាជធានី ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន ព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ ជនរួមជាតិទាំងអស់ សូមចូលរួមអោយបានផុលផុសប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាបរិស្ថានអោយបានល្អស្អាតនិងបៃតង ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីអោយព្រះរាជាណាចក្រកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាពនិងភាព
ទាក់ទាញខ្ពស់ សម្រាប់ទេសចរណ៍ជាតិនិងអន្តរជាតិ ពិសេសការបំពេញទស្សនៈកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ជាផ្លូវរដ្ឋ ផ្លូវការ ជាមិត្តភាពជាមួយប្រទេសកម្ពុជាយើង។

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ បច្ចុប្បន្ននេះ មានភាពល្អប្រសើរលើការងារគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធរូបវន្ត ព្រមទាំងការថែរក្សាអនាម័យ-បរិស្ថានទីក្រុងស្អាត ពោលគឺ ក្រោយពេលដែលរាជរដ្ឋាភិបាលបានធ្វើ កំណែទម្រង់លើការងារគ្រប់គ្រងសំរាម-សំណល់រឹង នៅរាជធានីភ្នំពេញជ្រើសរើសបានក្រុមហ៊ុនចំនួន ៣ ដើម្បីផ្តល់សេវាប្រមូល និងដឹកជញ្ចូន សំរាមក្នុងរាជធានីភ្នំពេញ ។ ប្រតិបត្តិករថ្មីទាំង ៣ បានចាប់ដំណើរការផ្តល់សេវា ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១មក ដោយទទួលបានការសាទរ និងវាយតម្លៃខ្ពស់ពីគ្រប់មជ្ឈដ្ឋាន ថាការផ្តល់សេវាមានគុណភាពល្អប្រសើរជាងមុន។តាមបទពិសោធន៍នាពេលកន្លងមក នៅពេលដែលរាជធានីភ្នំពេញ មានប្រតិបត្តិករប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង តែមួយ បរិមាណសំរាមដែលត្រូវបានប្រមូល និងដឹកជញ្ជូនទៅទីលានចាក់សំរាមដង្កោ គិតជាមធ្យមត្រឹមតែចំនួន ២.៧០០ តោន/ថ្ងៃ ប៉ុន្តែ ក្រោយពេលកំណែទម្រង់ ប្រតិបត្តិករទាំង ៣ មានលទ្ធភាពប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង គិតជាមធ្យមប្រមាណ ៣.៧០០ តោន/ថ្ងៃ ជាហេតុធ្វើឱ្យរាជធានីភ្នំពេញមានបរិស្ថានស្អាត និងគ្មានសំរាមកកស្ទះដូចមុនទេ។ លើសពីនេះ ក្នុងឆ្នាំ២០២២-២០២៣ កន្លងទៅ ប្រតិបត្តិករទាំង ៣ បានរួមចំណែកយ៉ាងសំខាន់នៅក្នុងកម្មវិធីធំ១ សំខាន់របស់រាជរដ្ឋាភិបាល ដូចជា កិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំអាយប៉ា (AIPA), កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានី អាស៊ាន, ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាប៉ារ៉ាហ្គេម លើកទី១២ ដោយទទួលបានលទ្ធផលល្អ ប្រសើរ គួរជាទីមោទនៈ។

តាមរយៈព្រះរាជសកម្មភាព និងព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីព្រះទ័យទុកដាក់ ខ្ពស់បំផុត អស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះជាតិមាតុភូមិ រួមចំណែកយ៉ាងធំធេងជាមួយប្រមុខរាជរដ្ឋាភិបាល ដើម្បីដោះស្រាយ និងសម្រាលការលំបាករបស់បុគ្គលិក និងបងប្អូនកម្មករ-កម្មការិនី ក៏ដូចជាប្រជារាស្ត្ររបស់ព្រះអង្គ ស័ក្តិសមបំផុតទៅនឹង ព្រះបរមនាមជាអង្គក្សត្រប្រកបដោយទសពិធរាជធម៌។

គួរបញ្ជាក់ថា៖ ព្រះរាជទានព្រះរាជ​អំណោយដែល​ត្រូវផ្តល់ជូនដល់កម្មករដែលបំរើការងារនៅក្នុងក្រុមហ៊ុន ប្រមូលដឹកជញ្ជូនសំរាមទាំងបីនេះ ក្នុងនោះរួមមានក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ចំនួន៦០៤នាក់ ក្រុមហ៊ុន 800 SUPER/GAEA ចំនួន៧៣៧នាក់និង​ក្រុមហ៊ុន Mizuda Group Co.,Ltd ចំនួន៧១៤នាក់ សរុប២០៥៥នាក់ ដោយ ក្នុងម្នាក់ៗទទួលបាន អង្ករ៥០គីឡូក្រាម ឃីត១កញ្ចប់ដែលមានទាំងភួយ មុង កន្ទាល ត្រីខ មី អាវរងារជាដើម ជាមួយនិងព្រះរាជទ្រព្យមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង