ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកសភាសហព័ន្ធអាល្លឺម៉ង់ កោតសរសើរអំពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា

62

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Johannes Steiniger សមាជិកសភាសហព័ន្ធអាល្លឺម៉ង់ និងលោកបណ្ឌិត Stefan Heck ប្រធានគណបក្ស CDU Marburg-Biedenkopf អមដោយតំណាងមូលនិធិ Konrad-Adenauer-Stiftung (KAS) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

លើកឡើងក្នុងអង្គប្រជុំនេះ ភាគីអាល្លឺម៉ង់បានថ្លែងការកោតសរសើរអំពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ហើយទស្សនកិច្ចរបស់គណៈប្រតិភូអាល្លឺម៉ង់នាឱកាសនេះគឺដើម្បីពង្រឹងបន្ថែមទៀតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កម្ពុជា-អាល្លឺម៉ង់។

បន្ថែមអំពីការលើកឡើងរបស់គណៈប្រតិភូអាល្លឺម៉ង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរអំពីការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនអត្រារំពឹងរស់ ការថយចុះនៃអត្រាភាពក្រីក្រតាមរយៈលទ្ធភាពក្នុងការទទួលបានការសិក្សាអប់រំ ទឹកស្អាត អគ្គិសនី សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធសង្គម ព្រមទាំងភាពប្រសើរឡើងនៃស្ថានភាពរស់របស់ពលរដ្ឋ។ ក្នុងនោះផងដែរ រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។

ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានតួនាទីជាអ្នកទាក់ទាញវិនិយោគិនចូលមកវិនិយោគនៅកម្ពុជា សម្របសម្រួលកិច្ចការងារវិនិយោគតាមរយៈច្បាប់វិនិយោគដែលមានភាពបើកចំហរទទួលគ្រប់វិនិយោគិន ក៏ដូចជាសហការជាមួយក្រុមការងារចំនួន១៥ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលនឹងចូលរួមដោះដ្រាយបញ្ហានិងកង្វល់នានារបស់វិនិយោគិនផងដែរ។ ក្រៅពីនេះដើម្បីគាំទ្រដល់កិច្ចការវិនិយោគ រាជរដ្ឋាភិបាលកម្ពុជាបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ព្រមទាំងបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូន និងភស្ដុភារកម្ម។ ឆ្លៀតក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រំពឹងថាកម្ពុជានិងអាល្លឺម៉ង់ នឹងសហការរួមគ្នាទាក់ទាញវិនិយោគិនពីប្រទេសទាំងពីរ ដើម្បីពង្រឹងទំនាក់ទំនងរវាងគ្នានិងគ្នាបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង