ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការបញ្ចប់ឧត្តមសិក្សាជាសមិទ្ធផលធំ ដែលកើតចេញពីការប្រឹងប្រែង និងការកំណត់ទិសដៅច្បាស់លាស់របស់និស្សិតម្នាក់ៗ

45

 

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កាលពីឆ្នាំ៩០ ការសរសេរផែនការ ភាគច្រើនកម្ពុជាពឹងអង្គការដៃគូអភិវឌ្ឍន៍ តែបច្ចុប្បន្នផែនការទាំងឡាយ សរសេរដោយខ្មែរ។ សម្តេចបានបន្តថា ការកសាងមូលធនមនុស្ស គឺជាការកិច្ចអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មនុស្សនៅជុំវិញសម្តេច ដែលលូតលឿន គឺការចេះសិក្សាពីខ្លួនឯង ដកស្រង់ចំណុចខ្វះខាតរបស់ខ្លួន ហើយប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឯង ដាក់ខ្លួនល្ងង់ច្រើន នឹងនាំឱ្យចេះច្រើន។ មនុស្សដែលដឹងខ្លួនឯង ហើយចេះពង្រឹងខ្លួនឯង ទើបធ្វើឱ្យខ្លួនឯងឱ្យជោគជ័យ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិត​ជាង ៥ពាន់នាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសោមនស្សរីករាយបានអញ្ជើញប្រគល់សញ្ញាបត្រ​ដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសម្ពោធទីតាំងសាកលវិទ្យាល័យសាខាវាលស្បូវ។ សម្តេចធិបតីបានមានប្រសាសន៍ថា ការបញ្ចប់ឧត្តមសិក្សាជាសមិទ្ធផលធំ ដែលកើតចេញពីការប្រឹងប្រែង និងការកំណត់ទិសដៅច្បាស់លាស់របស់និស្សិតម្នាក់ៗ ដែលជាសមិទ្ធផលមួយដ៏ធំសម្រាប់ក្រុមគ្រួសារ ជាពិសេសអាណាព្យាបាល។

រដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអប់រំ និង ការបណ្តុះបណ្តាលដើម្បីបង្កើនធនធានមនុស្ស ដែលជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេស ដោយបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត រួមទាំងការដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានា ឱ្យអនុវត្តដើម្បីបង្កើនគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព ឈានឆ្ពោះទៅសម្រេចបាននូវគោលដៅប្រែក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាមាន ចំណូលខ្ពស់ឆ្នាំ២០៥០។

ក្នុងទិសដៅមួយដ៏ច្បាស់លាស់ សាកលវិទ្យាល័យជាតិគ្រប់គ្រងបានបង្កើតមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល ដែលជាអាទិភាព និងគោលដៅគន្លឹះទី៥ នៃមុំមួយរបស់យុទ្ធាសាស្ត្របញ្ចកោណរាជរដ្ឋាភិបាល ដំណាក់កាលទី១ ដើម្បីបង្កើត និងពង្រីកសក្តានុពលធនធានមនុស្សលើវិស័យជំនាញបច្ចេកវិទ្យា ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍជាតិស្របតាមបរិការនៃតម្រូវការសម័យទំនើបក្នុងតំបន់ និងសាកលលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ការបញ្ចប់ឧត្តមសិក្សា បានមកពីការប្រឹងប្រែងរបស់សាស្ត្រាចារ្យក្នុងការផ្ទេរចំណេះដឹង ក៏ដូចជាការចូលរួមចំណែកពីគណៈគ្រប់គ្រង និងបុគ្គលិកសិក្សារបស់សាកលវិទ្យាល័យ។ និស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាធនធានដ៏រឹងមាំសម្រាប់សង្គមជាតិ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី​ បានវាយតម្លៃខ្ពស់របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលប្រឹងប្រែងក្នុងការបណ្តុះបណ្តាលនិស្សិត។ សម្តេចបានអបអរសាទរចំពោះការបង្កើតទីតាំងថ្មីរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រងនៅវាលស្បូវ។ សម្តេចធិបតី បានថ្លែងថា វត្តមានទីតាំងថ្មីរបស់សាកលវិទ្យាល័យ កើតចេញពីការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាលា ហើយនឹងក្លាយទៅជាកន្លែងបណ្តុះបណ្តាលដ៏មានសារៈសំខាន់នាពេលអនាគត។

សម្តេចធិបតីបានបន្តទៀតថា ការកសាងធនធានមនុស្សដែលមានសុខភាពល្អ និងចំណេះដឹងខ្ពស់ គឺមានសារៈសំខាន់ និងចាំបាច់ណាស់សម្រាប់សង្គមជាតិ។ សញ្ញាបត្រដែលនិស្សិតទទួលបាននេះ ជាការជួយលើកកម្ពស់កម្រិតប្រកួតប្រជែង បង្កើនភាពម្ចាស់ការ ជាមូលដ្ឋានបង្កើនគុណវុឌ្ឍកាន់តែខ្ពស់ឆ្ពោះទៅកាន់ការបង្កើនសមត្ថភាពកាន់តែខ្ពស់។ ប្រទេសមួយមានធនធានមនុស្ស មានមូលធនមនុស្ស ដែលមានសុខភាពល្អ មានសមត្ថភាពខ្ពស់ នឹងធ្វើឱ្យការប្រកួតប្រជែងរបស់ប្រទេសនោះកាន់តែខ្លាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មុនពេលរាតត្បាតជំងឺកូវីដ១៩ កម្ពុជា មានកំណើនសេដ្ឋកិច្ចល្អប្រសើរជាងបណ្តាប្រទេស១០ដទៃទៀតលើពិភពលោក។​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការទទួលបានពានរង្វាន់ពីកម្មវិធី verify.gov.kh របស់ក្រសួងប្រៃសនីយ និងទូរគមនាគមន៍ គឺជាការបង្ហាញឱ្យឃើញនូវសមត្ថភាពរបស់កម្ពុជា។ គ្មាននរណាហាមឃាត់មហិច្ឆតាកម្ពុជា លើផែនការអភិវឌ្ឍន៍នោះទេ។

ជាមួយនឹងការសម្ពោធសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីប្រមាណជាង ៥ពាន់នាក់ នៅថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជូនពរនិស្សិតទាំងអស់ឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង