ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំណងមិត្តភាពកម្ពុជា-ជប៉ុន ស្ថិតក្នុងកម្រិតដ៏ល្អបំផុត ពុំធ្លាប់មានពីមុនមក

47

 

ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចម្រើនព្រះជន្ម៦៤ព្រះវស្សា ព្រះចៅអធិរាជជប៉ុន ណារុហ៉ីតុ (NARUHITO) នារាត្រីថ្ងៃពុធទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្ថានទូតជប៉ុនក្នុងរាជធានីភ្នំពេញ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៍ថា ចំណងមិត្តភាពកម្ពុជា-ជប៉ុន បានពូនជ្រំឱ្យមានការរីកចម្រើនជាលំដាប់ឈរលើគោលការណ៍មិត្តភាព ស្មោះត្រង់ យោគយល់ និងការគោរពគ្នាទៅវិញទៅមក ឈានដល់កម្រិតពិសេសមួយជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា រួមនឹងឥស្សរជនការទូតកម្ពុជា- ជប៉ុន មានឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូត ប្រទេសជប៉ុនប្រចាំកម្ពុជា ព្រមទំាងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនទៀត បានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។

ក្នុងឱកាសដ៏រីករាយនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីមិត្តភាពយូរអង្វែង ទំនាក់ទំនងដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ជប៉ុនក្នុងការរួមចំណែកដល់ដំណើរការសន្តិភាព និងការកសាងឡើងវិញរបស់កម្ពុជានៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ក៏ដូចជាការបន្ដផ្ដល់ជំនួយគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ឆ្នាំ២០២៣ ពិតជាឆ្នាំដ៏ពិសេសសម្រាប់ប្រទេសទាំងពីរ ស្របពេលដែលកម្ពុជា និងជប៉ុនបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧០ឆ្នាំ នៃទំនាក់ទំនងការទូត ក៏ដូចជាបានលើកកម្ពស់ទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មេដឹកនាំនៃប្រទេសទាំងពីរបានទទួលស្គាល់ថា ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន គឺស្ថិតក្នុងកម្រិតដ៏ល្អបំផុតពុំធ្លាប់មានពីមុនមក៕

អត្ថបទដែលជាប់ទាក់ទង