ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឡុង ឌីម៉ង ចូលរួមក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ

104

 

ព្រះសីហនុ ៖ ឯកឧត្តម ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៤ បានចូលរួមក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ មានគោលដៅសម្រួលនីតិវិធីឲ្យកាន់តែមានភាពសាមញ្ញ ងាយស្រួល និងកញ្ចប់សេវាពិសេសជូនវិនិយោគិន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ។

ឯកឧត្តម ឡុង ឌីម៉ង បានលើកឡើងថា សមាសភាពក្រុមការងារទាំងអស់បានបង្ហាញពីការគាំទ្រ និងការចូលរួមយ៉ាងសកម្ម ក្នុងការសម្របសម្រួលបែបបទវិនិយោគ និងការផ្តល់សេវាពិសេសសម្រាប់សកម្មភាពធុរកិច្ចក្នុងខេត្តព្រះសីហនុ។

បើតាមឯកឧត្តម ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ , ដើម្បីពន្លឿនដល់ការដោះស្រាយបញ្ហាវិនិយោគក្នុងខេត្តព្រះសីហនុ, ក្រុមការងារបាននិងកំពុងរៀបចំទីតាំងការិយាល័យចំនួន ២ ក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដែលនឹងបំពេញមុខងារដូចការិយាល័យច្រកចេញចូលតែមួយសម្រាប់វិស័យឯកជនដាក់សំណើ។

សូមរំលឹកថា នៅថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២៤ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សេចក្តីជូនដំណឹង ស្តីពីការផ្ដល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤”។

រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ក្នុងគោលបំណងជំរុញឱ្យមានសកម្មភាពវិនិយោគ និង ធុរកិច្ច កាន់តែច្រើន និង មានសន្ទុះលឿន ក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ ២០២៤ ។
តាមរយៈនេះ, ធុរជន និង វិនិយោគិន ដែលស្នើសុំ និង អនុវត្តគម្រោង ឬ សកម្មភាព ក្នុងឆ្នាំ ២០២៤, រួមមាន : (១). គម្រោងវិនិយោគ ឬ ធុរកិច្ចពាក់ព័ន្ធនឹងអគារជាប់គាំង; (២). គម្រោងវិនិយោគ ឬ ធុរកិច្ច ដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់- គាំង; និង (៣). ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ដែលមានស្រាប់នៅក្នុងខេត្ត នឹងទទួលបាន នូវ «អត្ថប្រយោជន៍ពិសេស», ជាអាទិ៍ ការសម្រួលនីតិវិធី, ការលើកទឹកចិត្តពិសេស និង ការអនុគ្រោះនានា ។ ជាមួយនេះ, រាជរដ្ឋាភិបាលបានបង្កើត ក្រុមការងារជំរុញការវិនិយោគក្នុងខេត្ត ព្រះសីហនុ ដែលជាយន្តការអន្តរក្រសួងស្ថាប័ន និង មានភារកិច្ចដឹកនាំ, សម្របសម្រួល នឹង អនុវត្ត កម្មវិធីពិសេសនេះ រួមទាំងវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដោយ ដើរតួនាទីជា “ច្រកចេញចូលតែមួយ” ។

ក្នុងន័យនេះ, សូមធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» ខាងលើ អញ្ជើញដាក់ពាក្យសុំ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារ ពិនិត្យ, វាយតម្លៃ និង ផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ដែលមានអាសយដ្ឋាននៅ ផ្លូវជាតិ លេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង