ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះអន្តរាគមន៍សង្រ្គោះស្រូវប្រាំងប្រជាពលរដ្ឋដែលប្រឈមខ្វះទឹក ក្នុងភូមិសាស្ត្រខេត្តតាកែវ

122
ខេត្តតាកែវ, នៅព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រួមជាមួយឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ មន្ត្រីជំនាញក្រសួង និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងបងប្អូនប្រជាកសិករដែលកំពុងប្រឈមខ្វះទឹក នៅស្រុកព្រៃកប្បាស និងស្រុកសំរោង ក្នុងខេត្តតាកែវ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការកាយប្រឡាយបញ្ជូនទឹកជួយសង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ ក្នុងស្រុកព្រៃកប្បាស និងស្រុកសំរោងដែលមានប្រវែងសរុបប្រមាណ ៥គីឡូម៉ែត្រ និងបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនប្រជាកសិករដែលធ្វើស្រែប្រាំងក្នុងតំបន់ខាងលើ។
សូមជម្រាបថា ផ្ទៃដីស្រូវប្រាំងបងប្អូនប្រជាកសិករប្រមាណ ១២០០ ហិកតា ស្ថិតក្នុងឃុំកំពែង ស្រុកព្រៃកប្បាស និងក្នុងឃុំទ្រា ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ បានជួបបញ្ហាប្រឈមខ្វះទឹកស្រោចស្រព។
ជាកិច្ចអន្តរាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ដោយមានកិច្ចសហការជាមួយអាជ្ញាធរខេត្ត អាជ្ញាធរស្រុក និងឃុំ បានសម្រេចកាយផ្លូវវាងក្រោមស្ពានចេញ(ដោយស្ពានបានសាងសង់រួចហើយ) នៅចំណុចស្ពានទំនប់ដាច់កោះភ្នៅ ស្ថិតក្នុងភូមិធ្លក់យល់ ឃុំពន្លៃ ស្រុកអង្គរបុរី កាយប្រឡាយ៨៧ ចម្ងាយ ២គីឡូម៉ែត្រ ដោយប្រើអេស្កាវ៉ាទ័រចំនួន ២គ្រឿងបំពាក់លើសាឡង់ ដើម្បីសម្រួលផ្លូវទឹកពីស្ទឹងអង្គរបុរី និងកាយប្រឡាយបញ្ជូនទឹកប្រវែងសរុបប្រមាណ៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំកំពែង ឃុំពន្លៃ និងឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស និងស្ថិតក្នុងឃុំទ្រា ឃុំជើងគួន និងឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ដោយប្រើអេស្កាវ៉ាទ័រចំនួន៤គ្រឿង។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ឱ្យដឹងថា គិតត្រឹមថ្ងៃនេះវឌ្ឍនភាពនៃការកាយប្រឡាយបញ្ជូនទឹកដែលចាប់ផ្តើមពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រេចបាន ៣៥០០ម៉ែត្រ និងការកាយប្រឡាយ៨៧ ដើម្បីសម្រួលផ្លូវទឹកពីស្ទឹងអង្គរបុរីសម្រេចបាន១០០%។ ជាលទ្ធផលក្រុមការងារអន្តរាគមន៍បានជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករក្នុងស្រុកព្រៃកប្បាសប្រមាណ ៥៨០ហិកតា និងស្រុកសំរោងប្រមាណ ៦២០ ហិកតា។
ក្នុងឱកាសនោះដែរ តំណាងបងប្អូនប្រជាកសិករដែលបង្កបង្កើនផលស្រូវប្រាំងក្នុងស្រុកព្រៃកប្បាស និងស្រុកសំរោង ខេត្តតាកែវបានសម្តែងនូវក្តីរីករាយ និងសូមថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការជួយដោះស្រាយ និងរកគ្រប់មធ្យោបាយសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ដែលប្រឈមការខ្វះទឹកស្រោចស្រព។ ជាមួយគ្នានេះក៏ថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ថ្នាក់ដឹកនាំក្រសួង និងមន្ទីរ ព្រមទាំងអាជ្ញាធរមូលដ្ឋានដែលបានចុះអន្តរាគមន៍ដោយផ្ទាល់បញ្ជូនគ្រឿងចក្រចុះកាយប្រឡាយ និងស្តារផ្លូវទឹករហូតទទួលបានជោគជ័យ។
ជាចុងក្រោយ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ស្នើឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវពន្លឿនការជីកប្រឡាយបញ្ជូនទឹកឱ្យដល់គោលដៅ ដោយសហការជាមួយអាជ្ញាធរដែនដីក្នុងការអន្តរាគមន៍បញ្ជូនទឹកបម្រើដល់ការងារធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករដែលប្រឈមខ្វះទឹក និងបានស្នើឱ្យលោកប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយមសិក្សា ដើម្បីកាយមុខប្រឡាយឱ្យបានធំ៕

 

អត្ថបទដែលជាប់ទាក់ទង