ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តព្រះសីហនុ បង្រ្កាបជនបរទេស ២នាក់ដែលបានផលិតមាតិកាវីដេអូ ក្នុងគោលបំណងញុះញង់ បំភ័ន្តមតិសាធារណជន អំពីបញ្ហាសន្តិសុខនៅកម្ពុជា

88

 

ភ្នំពេញ ៖ បន្ទាប់ពីអាជ្ញាធរខេត្តព្រះសីហនុ បានបង្រ្កាបជនបរទេស ២នាក់ដែលបានផលិតមាតិកាវីដេអូ ក្នុងគោលបំណងញុះញង់ បំភ័ន្តមតិសាធារណជន អំពីបញ្ហាសន្តិសុខនៅព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងអំពាវនាវដល់ជនរួមជាតិ និងមិត្តភក្តិទាំងអស់ចូលរួមទប់ស្កាត់ការចែកចាយ និងផ្សព្វផ្សាយមាតិកាដែលមានលក្ខណៈបំភ្លៃការពិត និងមានចរិតញុះញង់ឱ្យមានការយល់ច្រលំមកលើសង្គមជាតិរបស់យើង។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តព្រះសីហនុ បានបង្រ្កាបជនបរទេស ២នាក់ដែលបានផលិតមាតិកាវីដេអូ ក្នុងគោលបំណងញុះញង់ បំភ័ន្តមតិសាធារណជន អំពីបញ្ហាសន្តិសុខនៅព្រះរាជាណាចក្រកម្ពុជា។ នេះជាការរៀបចំសេណារីយោថត ដែលមានចេតនាទុច្ចរិតសុទ្ធសាធ របស់ជនបរទេសទាំង២នេះ ក្នុងការមួលបង្កាច់នូវអ្វីដែលជាស្ថានភាពជាក់ស្តែងនៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព។ ទង្វើទាំងអស់នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស និងមុខមាត់របស់ព្រះរាជាណាចក្រកម្ពុជា ដែលមិនអាចអត់ឱនឱ្យបានឡើយ។ ខ្ញុំសង្ឃឹមថា នឹងមិនមានអំពើបែបនេះកើតឡើងសារជាថ្មីម្តងទៀតនោះទេ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំសូមគាំទ្រដល់រាជរដ្ឋាភិបាល ចំពោះវិធានការម៉ឺងម៉ាត់ ក្នុងការបង្រ្កាបបទល្មើសទាំងអស់នេះ ដើម្បីជាសារព្រមាន ដោយមិនអនុញ្ញាតឱ្យមានអំពើទុច្ចរិតបែបនេះត្រូវបានប្រព្រឹត្ត នៅអនាគត មិនថាប្រព្រឹត្តដោយជនបរទេសពីប្រទេសណាមួយនោះទេ។ ទន្ទឹមនឹងនេះ ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិ និងមិត្តភក្តិទាំងអស់ចូលរួមទប់ស្កាត់ការចែកចាយ និងផ្សព្វផ្សាយមាតិកាដែលមានលក្ខណៈបំភ្លៃការពិត និងមានចរិតញុះញង់ឱ្យមានការយល់ច្រលំមកលើសង្គមជាតិរបស់យើង”។

សូមរំលឹកថា សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយតុលាការខេត្តព្រហសីហនុ បានសម្រេចផ្តន្ទាទោសជនជាតិ ចិនតៃវ៉ាន់២នាក់ ដោយម្នាក់ៗកំណត់ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យម្នាក់ៗចំនួន ៤លានរៀល។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណី ញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តដោយឈ្មោះ CHEN NENG CHUAN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ចិន(តៃវ៉ាន់) និងឈ្មោះ LU TSU HSIEN ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន(តៃវ៉ាន់)។ បុគ្គលទាំងពីរនាក់នេះ បានចូលមកប្រទេសកម្ពុជា ក្នុងគោលបំណងផលិតវីដេអូបំភ្លើសការពិត អំពីសកម្មភាពពាក់ព័ន្ធ នឹងការជួញដូរមនុស្ស ការបង្ខាំងធ្វើទារុណកម្ម អំពើចាប់រំលោភ និងការលក់សរីរាង្គមនុស្ស។ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅអគារមួយ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បុគ្គលទាំងពីររូបខាងលើ បានថតសំដែង ផ្សាយផ្ទាល់ចេញពីគណនី Facebook ឈ្មោះ WA AN XIAO JI ដែលមានសកម្មភាព ត្រូវបានសន្តិសុខចាប់ខ្លួន និងវាយដំ។ ហើយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បុគ្គលទាំងពីររូបខាងលើ បានថតសំដែង ផ្សាយផ្ទាល់សាជាថ្មីម្តងទៀត ចេញពីទីតាំងម្ដុំឆៃណាថោន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានសកម្មភាពរត់គេចខ្លួន មានការភ័យខ្លាច និងនិយាយជាភាសាចិនមានអត្ថន័យថា ខ្លួនត្រូវបានគេតាមចាប់វាយធ្វើបាប និងស្រែកឱ្យគេជួយ។

ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភស្តុតាង តំណាងអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់ និងបញ្ជូនឈ្មោះ CHEN NENG CHUAN ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ LU TSU HSIEN ភេទប្រុស អាយុ៣៤ឆ្នាំ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីជំនុំជម្រះ តាមនីតិវិធីនៃការ បង្ហាញខ្លួនភ្លាម ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅក្នុងភូមិ៦ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិ ឱ្យផ្តន្ទាទោសតាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

សាលាដំបូងខេត្តព្រះសីហនុ បានបើកសវនាការជាសាធារណៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីជំនុំជម្រះលើសំណុំរឿងខាងលើ ទៅតាមនីតិវិធីច្បាប់ ហើយបានប្រកាសសាលក្រមលេខ ៩៩/១៤ “ឋ- ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយសម្រេចផ្ដន្ទាទោសឈ្មោះ CHEN NENG CHÙĀN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន(តៃវ៉ាន់) និងឈ្មោះ LU S HSIEN ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន(តៃវ៉ាន់) ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤លានរៀល ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង