ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នឹងកាត់បន្ថយការកកស្ទះចរាចរណ៍ និងផ្តល់ជម្រើសធ្វើដំណើរខ្វាត់ខ្វែងនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ

207

 

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធី “បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ ម៉ែត្រ ក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន” ព្រឹកថ្ងៃចន្ទ ទី១៩ កុម្ភៈ ២០២៤។

ការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នឹងចូលរួមចំណែកគាំទ្រដល់ការកសាងសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការកកស្ទះចរាចរណ៍ និងផ្តល់ជម្រើសធ្វើដំណើរខ្វាត់ខ្វែងនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ ។ ស្ពាននេះ នឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតលើវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្ម ពិសេស ការតភ្ជាប់ពីប៉ែកខាងកើត និងប៉ែកខាងលិចនៃរាជធានីភ្នំពេញ ។ ស្ពាននេះ ក៏ជាស្ពានទី៧ ដែលត្រូវបានសាងសង់លើដងទន្លេបាសាក់ ក្នុងចំណោមស្ពានដែលបានសាងសង់រួច មានដូចជា៖ ស្ពានឆ្លងកោះពេជ្រ-កោះនរា, ស្ពានព្រះមុនីវង្សទាំង២, ស្ពានសំរោង, ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ ។

ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។ ក្នុងនោះដែរ នៅក្នុងបញ្ចកោណទី២ គឺ “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង” បានផ្តោតលើកិច្ចការអាទិភាពចំនួន៥  ហើយកិច្ចការអាទិភាពទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមានគោលដៅជាយុទ្ធសាស្ត្រ ក្នុងការបន្តកសាង និងពង្រឹងមូលដ្ឋាន និងបុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម តាមរយៈ ការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ៕

អត្ថបទដែលជាប់ទាក់ទង