ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី ស្នើសុំការយោគយល់ពីសំណាក់ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារគម្រោងសាងសង់ស្ពាន និងផ្លូវតភ្ជាប់

62

 

រាជធានីភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្នើដល់ភាគីក្រុមហ៊ុនសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ និងត្រួតពិនិត្យបច្ចេកទេស ឱ្យត្រឹមត្រូវតាមស្ដង់ដារ បច្ចេកទេស និងប្រកបដោយគុណភាព និងស្នើសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់ បងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារគម្រោងសាងសង់នេះនៅចំណុចក្បាលស្ពានទាំងសងខាង និងផ្លូវតភ្ជាប់ផងដែរ។

នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឡើងថា ពិធីបើកការដ្ឋានដែលបានប្រារព្ធឡើងនាឱកាសនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តដ៏មានសារសំខាន់របស់កម្ពុជា ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ដែលបានលេចចេញជារូបរាងឡើងនៅទូទាំងប្រទេស កើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណត្តិមុនៗ និង រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន រួមជាមួយនឹងការរួមចំណែកពីដៃគូអភិវឌ្ឍន៍ និងបណ្តាប្រទេសជាមិត្ត ជាពិសេស សាធារណរដ្ឋប្រជាមានិតចិន ដែលជាមិត្តដែកថែប និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ របស់កម្ពុជា។

ស្ពាននេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទៅប្រកបមុខរបរប្រចាំថ្ងៃ និងក្មួយៗសិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀនបានឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព ព្រមទាំងចូលរួមចំណែកលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច ការដឹកជញ្ជូនទំនិញ ការអភិវឌ្ឍនគរូបនីយកម្ម និងទេសចរណ៍សម្រាប់រាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល។

នៅក្នុងសុន្ទរកថាសំណេះសំណាលដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ការប្រកាសបើកការដ្ឋាននាពេលនេះ គឺអាស្រ័យដោយមានកិច្ចសហការ និងការត្រៀមលក្ខណៈបានយ៉ាងល្អប្រសើររវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ ដែលបានខិតខំប្រឹងប្រែងជំរុញ និងពន្លឿនការងាររៀបចំទីតាំងការដ្ឋានសាងសង់នេះឡើង អមដោយសម្ភារ-បរិក្ខារ និងគ្រឿងចក្រគ្រប់គ្រាន់ ជាពិសេសការត្រៀមលក្ខណៈរបស់ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងវិស្វករជំនាញទាំងអស់របស់ភាគីទាំងពីរ គឺពិតជាត្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីធានាឱ្យដំណើរការសាងសង់អាចប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យតាមផែនការគ្រោងទុក។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មនេះ និងការសម្រេចបាននូវសមិទ្ធផលផ្លូវ-ស្ពាន ជាច្រើនហូរហែ តាមរយៈការដាក់ឱ្យដំណើរការ ការប្រកាសសម្ពោធ និងការបើកការដ្ឋាន នាពេលកន្លងមក សម្តេចធិបតី បានឆ្លៀតយកឱកាសនេះធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុក ដាក់ខ្ពស់ក្នុងការអនុវត្តការងារប្រកបដោយឆន្ទៈមោះមុត ជាពិសេសការដាក់ចេញនូវយន្តការគន្លឹះ សម្រាប់អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានធ្វើការវាយតម្លៃខ្ពស់ និងសូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាមិត្តដ៏ស្មោះត្រង់បំផុតរបស់កម្ពុជា និងជាដៃគូដ៏សំខាន់មួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈទាំងអស់ និងមិនមានលក្ខខណ្ឌស្មុគស្មាញ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដរួមសហការខិតខំបំពេញការងារឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការលើកកម្ពស់ការចូលរួមចំណែកថែទាំ និងអភិវឌ្ឍន៍ផ្លូវ-ស្ពាន ដើម្បីតភ្ជាប់បណ្ដាញផ្លូវគមនាគមន៍ទៅគ្រប់តំបន់ជិតឆ្ងាយទូទាំងប្រទេស និងភ្ជាប់ជាមួយប្រទេសជិតខាងឱ្យមាននិរន្ដរភាពទាំងគុណភាព និងប្រសិទ្ធផល។

ជាមួយគ្នានេះ សម្តេចធិបតី បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ សូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំពិសាគ្រឿងស្រវឹងពេលបើកបរ កុំបើកបរលើសល្បឿនកំណត់ ត្រូវចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង