ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតី អំពាវនាវដល់អ្នកបើកបរយានយន្តទាំងអស់ សូមបើកបរគោរពតាមច្បាប់ចរាចរណ៍ ដើម្បីបញ្ចៀសកុំឱ្យមានទុក្ខសោក ដល់ក្រុមគ្រួសារអ្នកដទៃ

104

 

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញបើក​ការ​ដ្ឋាន​សាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ​២០​២៤​ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាឱ្យបន្តការត្រួតពិនិត្យ និងរឹតបន្ដឹងច្បាប់ចរាចរណ៍បន្ថែមទៀត ជាពិសេសករណីត្រួតពិនិត្យគ្រឿងស្រវឹងនៅតាមរាជធានី ខេត្ត។​ សម្ដេចស្នើឱ្យប្រជាពលរដ្ឋស្វ័យម្ចាស់ការលើការបើកបរ ត្រូវបើកបរដោយប្រុងប្រយ័ត្ន។

សម្ដេចធិបតីបានមានប្រសាសន៍ថា ចំនួនអ្នកស្លាប់ដោយបញ្ហាចរាចរណ៍នៅកម្ពុជា បច្ចុប្បន្ន ច្រើនជាងអ្នកស្លាប់ដោយសង្គ្រាម និងគ្រាប់មីនទៅទៀត។​ សម្ដេចធិបតីបានស្នើដល់អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ កុំគេចវេះ និងត្រូវចូលខ្លួនមកទទួលខុសត្រូវលើកំហុសរបស់ខ្លួន។​

សម្ដេចធិបតី បានអំពាវនាវដល់អ្នកបើកបរយានយន្តទាំងអស់ សូមបើកបរគោរពតាមច្បាប់ចរាចរណ៍ ដើម្បីបញ្ចៀសកុំឱ្យមានទុក្ខសោកដល់ក្រុមគ្រួសារអ្នកដទៃ បញ្ជៀសកុំឱ្យអ្នកដទៃស្រក់ទឹកភ្នែក ដោយសារការបើកបរមិនគោរពច្បាប់។

ជាមួយគ្នា សម្តេចធិបតី បានសំណូមពរដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ សូមស្វ័យទទួលខុសត្រូវជាប្រចាំ តាមរយៈការបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា, កុំពិសាគ្រឿងស្រវឹងពេលបើកបរ, កុំបើកបរលើសល្បឿនកំណត់, ត្រូវចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ ជាពិសេស ស្នើដល់អ្នកបើកបរដែលបង្កគ្រោះថ្នាក់ចរាចរណ៍ សូមកុំគេចវេះពីការទទួលខុសត្រូវ និងត្រូវចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន ៕

អត្ថបទដែលជាប់ទាក់ទង