ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់តារាល្បីក្នុងTikTok លោកប៉ាហ្វីដូ បើករថយន្តស៊េរីទំនើបLamborghini បុកផ្ដាច់ជីវិតបុរសម្នាក់ រួចព្យាយាមបើករត់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមឃាត់

82

 

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់កើតឡើងមួយដោយមានបុរសជនជាតិចិន២នាក់ និងម្នាក់ដែលគេស្គាល់ថាជាតារាដ៏ល្បីនៅក្នុងបណ្តាញសង្គមTikTok គឺលោកប៉ាហ្វីដូរ បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Lamborghini ក្នុងល្បឿនលឿនបានបុកពីក្រោយម៉ូតូឌ្រីមសង់ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ ហើយព្យាយាមបើករថយន្តរត់គេចខ្លួនរហូតមកដល់ផ្លូវប្រឡាយលូមួយកន្លែង ក្បែរផ្លូវឧកញ៉ាដួងងៀប ហើយមានរថយន្តម៉ាកBMWមួយគ្រឿងទៀត មករំដោះតែត្រូវសមត្ថកិច្ចឃាត់បានទាំងអស់យកទៅសួរនាំបន្ត។ ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២:៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

សពជនរងគ្រោះមានឈ្មោះ សោន សឹត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅឃុំគោកដូង ស្រុកអង្គជុំ ខេត្តសៀមរាប។

បើយោងតាមការបញ្ជាក់ពីនារីម្នាក់សុំមិនបញ្ចេញឈ្មោះ បានឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ សៀមរាប 1V-9127 ជិះដោយបុរសរងគ្រោះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងម៉ាក Lamborghini ពណ៌លឿនពាក់ផ្លាកលេខ កម្ពុជា F.R.999 បើកបរដោយបុរសជនជាតិចិន២នាក់ នៅក្នុងនោះមានម្នាក់ ដែលគេស្គាល់ថាជាតារាល្បីនៅក្នុងបណ្តាញសង្គមTikTok គឺលោកប៉ាហ្វីដូរ បានជ្រុលទៅបុកពីក្រោយម៉ូតូយ៉ាងពេញទំហឹប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ហើយរថយន្តបង្កបានព្យាយាមបើករត់គេច រហូតមកដល់ផ្លូវប្រឡាយលូមួយកន្លែងកែងនឹងផ្លូវឧកញ៉ាដួងងៀប ក៏បានបើករថយន្តចូលទៅទុកចោលក្នុងដីឡូតិ៍ រួចមានជនបរទេសម្នាក់ទៀត បើករថយន្តស៊េរីទំនើបម៉ាកBMW មកជួយរំដោះជនបង្កទាំងពីរនាក់នោះដើម្បីរត់គេចខ្លួន តែត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ តាមឃាត់បានទាំង៣នាក់ នាំខ្លួនយកទៅប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី១ សួរនាំបន្តនិងចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង