ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមកើត ឆែ ៖បើវិស័យមូលបត្រ បានអនុវត្តដោយត្រឹមត្រូវតាមនិយាមហិរញ្ញវត្ថុ និងក្របខណ្ឌច្បាប់ វានឹង ផ្តល់នូវប្រភពទុនក្នុងស្រុកមិនចេះរីងស្ងួត សម្រាប់ម្ចាស់អាជីវកម្មទូទៅ

27

 

ភ្នំពេញ៖នេះជាប្រសាសន៌លើកឡើងរបស់ឯកឧត្ដមកើត ឆែ អភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងពិធី “បើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ ក្នុងវិស័យមូលបត្រ” រៀបចំដោយនិយ៍តករមូលបត្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ។
សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ក្នុងនោះមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងយុត្តិធម៌ និងគណៈអភិបាលខណ្ឌទាំង១៤ចៅសង្កាត់ទាំង១០៥ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធផងដែរ។

ឯកឧត្ដម កើត ឆែ បានមានប្រសាេសន៍ថា សិក្ខាសាលានេះ៖ ក្នុងន័យបង្កើនការយល់ដឹង ចែករំលែក ព័ត៌មាន បទពិសោធន៍ និងក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងវិស័យមូលបត្រ ដែលជាឧបករណ៍ហិរញ្ញវត្ថុថ្មីមួយ សម្រាប់ វិនិយោគិននៅក្នុងទីផ្សារមូលបត្រ សំដៅសហការផ្សព្វផ្សាយជាលក្ខណៈចម្រុះស្ថាប័ននៅរាជធានីភ្នំពេញ ជាពិសេស អាជ្ញាធរមូលដ្ឋាន ដើម្បីយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពអាជីវកម្មមូលបត្រត្រឹមត្រូវតាមច្បាប់ និងសកម្មភាពអាជីវកម្ម មូលបត្រដែលខុសច្បាប់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ប្រយោជន៍សាធារណៈ និងខាតបង់លុយកាក់របស់ បងប្អូនប្រជាពលរដ្ឋ ក្រោមរូបភាពវិនិយោគខុសច្បាប់ណាមួយជាយថាហេតុ។
ឯកឧត្ដមបន្តថា៖រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យក ផ្នែកឯកជនគឺជាកម្លាំងចលករនៃការអភិវឌ្ឍ និងជាក្បាលម៉ាស៊ីនជំរុញកំណើន សេដ្ឋកិច្ចជាតិ ក្នុងនោះ នាពេលបច្ចុប្បន្ន ពាណិជ្ជករ ធុរជន វិនិយោគិនជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន បាននឹងកំពុងរីករាយទទួលយកនូវមនុញ្ញផល នៃការអនុវត្តគោលន យោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលជារបៀបវារៈដ៏សំខាន់សម្រាប់គាំទ្រដល់ការវិនិយោគ និងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ដោយរក្សាអត្រា អតិផរណាទាប ហើយអ្នកសេដ្ឋកិច្ចវិទូ បានព្យាករណ៍ថា ប្រទេសកម្ពុជា នឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ នាឆ្នាំ២០៥០ ខាងមុខនេះ។

ឯកឧត្ដមបន្តថា វិស័យមូលបត្រ ត្រូវបានរាជរដ្ឋាភិបាលក្នុងអាណត្តិដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តួចផ្តើមបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៦ និង បានបន្តលូតលាស់ក្នុងនីតិកាលថ្មីនេះ ក្រោមការពូនជ្រំអភិវឌ្ឍន៍របស់ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាពេលបច្ចុប្បន្ន ដែលវិស័យនេះ ត្រូវបានគេស្គាល់ថាជាឧបករណ៍ហិរញ្ញវត្ថុថ្មី សម្រាប់វិនិយោគិននៅក្នុងទីផ្សារមូលបត្រ ដូចជា ធនាគារ, ក្រុមហ៊ុនធានារាប់រង និងការប្រមូលមូលនិធិវិភាគទានពីសាធារណជន ដើម្បីប្រើប្រាស់ក្នុងការវិនិយោគជាក់លាក់ណាមួយ ដោយផ្តល់ជាផលកម្រៃហិរញ្ញវត្ថុ ការប្រាក់ ឬ ភាគលាភផ្សេងៗ ក្រោមការត្រួតពិនិត្យរបស់និយ័តករមូលបត្រកម្ពុជា។ ជាគោលការណ៍ ប្រសិនបើវិស័យនេះ ត្រូវបានអនុវត្តដោយត្រឹមត្រូវតាមនិយាមហិរញ្ញវត្ថុ និងក្របខណ្ឌច្បាប់ វានឹង ផ្តល់នូវប្រភពទុនក្នុងស្រុកមិនចេះរីងស្ងួត សម្រាប់ម្ចាស់អាជីវកម្មទូទៅ ហើយបង្កើតឡើងនូវប្រភពចំណូលសមស្រប សម្រាប់បុគ្គល និងតួអង្គសេដ្ឋកិច្ចផ្សេងទៀត។ យ៉ាងណាមិញ ស្របពេលដែលសេដ្ឋកិច្ចជាតិមានភាពរីកចម្រើន គួបផ្សំនឹងបរិយាកាសវិនិយោគកាន់តែល្អប្រសើរ អាស្រ័យដោយនិន្នាការសេដ្ឋកិច្ចសកល និងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា យើងសង្កេតឃើញថា សកម្មភាព ផ្សព្វផ្សាយកៀរគរថវិកាពីបងប្អូនប្រជាពលរដ្ឋ ក្រោមរូបភាពវិនិយោគ ឬ ការជួញដូរក្នុងទីផ្សារមូលបត្រដែលគ្មានប្រភព ច្បាស់លាស់ ដោយសន្យាផ្តល់ប្រាក់ចំណេញខ្ពស់ ប៉ុន្តែ ជាក់ស្តែងគឺជាការឆបោក បានកើតមានឡើងជាបន្តបន្ទាប់ក្នុង សង្គមជាតិយើង ដូច្នេះ យើងត្រូវរួមគ្នាចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ចៀសវាងការរីករាលដាលកាន់តែធ្ងន់ធ្ងរ ដែលអាចបង្កជាហានិភ័យសម្រាប់សេដ្ឋកិច្ចជាតិទាំងមូល។

ក្នុងអង្គសិក្ខាសាលានោះដែរឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានថ្លែងថា ៖សិក្ខាសាលាថ្ងៃនេះចង់អោយបងប្អូនប្រជាពលរដ្ឋយល់ដឹងលេីការវិនិយោគលេីវិសយ័មូលបត្រ័ ដោយអនុវត្តអោយបានត្រឹមត្រូវជាមួយក្រុមហ៊ុនវិនិយោគមានច្បាប់ទំលាប់ត្រឹមត្រូវ។ កត្តាសំខាន់មួយទៀតគឺ សូមអោយអាជ្ញាធរមូលដ្ឋានបន្តផ្សព្វផ្សាយពីសារសំខាន់នៃវិសយ័មូលបត្រ័កុំអោយគេបោកប្រាស់បាន និងការពារក្រុមហ៊ុនដែលមានច្បាប់ត្រឹមត្រូវដេីម្បីការពារផលប្រយោជន៏ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង