តុលាការខេត្តកោះកុង ចេញដីកាចាប់ខ្លួនជនសង្ស័យម្នាក់ ដែលបើកបរគ្រឿងចក្រកិនមនុស្សស្លាប់ នៅខេត្តកោះកុង
កោះកុង៖ អយ្យការអមសាលាដំបូង ខេត្តកោះកុង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការលើជនសង្ស័យដែលបើកបរគ្រឿងចក្រកិនមនុស្សស្លាប់ នៅខេត្តកោះកុង។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង បានឲ្យដឹងថា នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តកោះកុង បានបញ្ជូនសំណុំរឿងមកអយ្យការអមសាលាដំបូងខេត្តកោះកុង ពាក់ព័ន្ធនឹងករណីគ្រឿងចក្រ អេស្កាវ៉ាទ័រកិនមនុស្សស្លាប់ម្នាក់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភ្នំត្រងោល ស្ថិតក្នុងភូមិ ជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានជនសង្ស័យឈ្មោះ តាំ ឈិន ភេទប្រុស អាយុ ៣១ឆ្នាំ ជាអ្នកបើកបរគ្រឿងចក្រអេស្កាវ៉ាទ័រ ដើម្បីចាត់ការបន្ត។
ក្រោយពីទទួលសំណុំរឿងភ្លាម តំណាងអយ្យការបានបង្គាប់ឱ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនបុគ្គល ឈ្មោះ តាំ ឈិន ភេទប្រុស អាយុ ៣១ឆ្នាំ មកបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្តកោះកុង ឱ្យ បានមុនថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដើម្បីសាកសួរអំពីដំណើររឿងខាងលើ តាមដីកាបញ្ជាឱ្យចូលខ្លួន លេខ ០១ អ.យ/២៤ ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ ទន្ទឹមនេះ តំណាងអយ្យការក៏ធ្វើការកោះហៅ ម្ចាស់គ្រឿងចក្រអេស្កាវ៉ាទ័រ តំណាងគ្រួសារជនរងគ្រោះ សាក្សី និងអ្នកពាក់ព័ន្ធផ្សេងទៀតមកបំភ្លឺ ដើម្បី ចាត់ការស្របតាមនីតិវិធីច្បាប់ជាធរមាន។
យោងតាមអាជ្ញាធរស្រុកបទុមសាទរ ខេត្តកោះកុង ពលរដ្ឋដែលបានស្លាប់នោះឈ្មោះ សាត សាខន ជាអ្នកជួលអេស្កាវាទ័រមកឈូសឆាយចម្ការខ្លួន ដោយអ្នកបើកថយមិនបានមើលក៏បានកិនស្លាប់ មិនមែនមកពីការតវ៉ាដីធ្លីឡើយ។
ពាក់ព័ន្ធករណីខាងលើនេះ រដ្ឋបាលស្រុកបូទុមសាគរនៃខេត្តកោះកុងបានបញ្ជាក់ថា ពាក់ព័ន្ធអិចស្កាវ៉ាទ័រ របស់លោក ឆាយ កិនប្រពិតដូចចេកជៀន ចំណែក លោក ឆាយ ម្ចាស់គ្រឿងចក្រនេះដើររំភើយ ហើយយកគ្រឿងចក្រមកកាយដីហាក់បីដូចមិនខ្វល់ខ្វាយចំពោះអាយុជីវិត បានលា ចាកលោកនេះទៅមិនដឹងថាលោក ឆាយ អាងខ្លួនមានលុយមានអំណាថ្លើមធំ យកអាយុជីវិតមនុស្សមកលេងសើច។ រដ្ឋបាលស្រុកបូទុមសាគរ សូមជម្រាបជូនថា៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង៥០នាទី របាយការណ៍អធិការដ្ឋាននគរបាលស្រុកបូទុមសាគរ រាយការណ៍ជូនគណៈបញ្ជាការឯកភាពស្រុក នៅចំណុចភ្នំត្រងោល ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មាន ករណីអិចស្កាវ៉ាទ័រ ថយកិនមនុស្សស្លាប់ ១នាក់ប្រុស ។
សពជនរងគ្រោះ ឈ្មោះ សាត សាខន ភេទប្រុស អាយុ៦៣ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) មានទីលំនៅភូមិអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោយពេលកើតហេតុកម្លាំងជំនាញ និងគ្រូពេទ្យមណ្ឌលសុខភាព បានទៅពិនិត្យសាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារគ្រឿងចក្រកិនស្លាប់ពិតប្រាកដមែន។
តាមការបំភ្លឺពីសាច់ញ្ញាតិរបស់ជនរងគ្រោះថា៖ ជនរងគ្រោះបានជួលគ្រឿងចក្រ មកវៃព្រៃ និងជីកស្រះទឹក នៅចំការរបស់ជនរងគ្រោះ កន្លែងកើតហេតុខាងលើ។
នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ០២:៣០ នាទីរសៀល ក្រុមការងារដឹកនាំដោយលោក ខេង សំខាន់ អភិបាលរងស្រុក បានចុះត្រួតពិនិត្យ និងធ្វើការបញ្ឈប់សម្មភាពការឈូសឆាយសម្អាតដី ជីកស្រះ ១ កន្លែងដោយគ្មានច្បាប់អនុញ្ញាត ស្ថិតក្នុងភូមិព្រលាន ឃុំកណ្តាល ស្រុកបូទុមសាគរ ខេត្តកោះកុង ៕