ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រី អ.ប.ព. ចំនួន ៩៣រូប បន្ថែមទៀតបានធ្វើសច្ចាប្រណិធាន ទទួលបាននីតិសម្បជាមន្ត្រី នគរបាលយុត្តិធម៌

94

 

ភ្នំពេញ ៖ ឯកឧត្តម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យនៃអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា មន្រ្តីរាជការ នៃអង្គភាពប្រឆាំងអំពើពុករលួយ ៩៣ រូប បំពេញនីតិវិធីសម្បថនៅចំពោះមុខសាលាឧទ្ធរណ៍ ដើម្បីបំពេញលក្ខខណ្ឌជាមន្រ្តីនគរបាលយុត្តិធម៌។

យោងមាត្រា ២៤ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ និងប្រកាសលេខ ០០៩ កយ.ក្រ/២៤ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌ស្តីពី ការផ្តល់នីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំមន្រ្តីរាជការនៃអង្គភាពប្រឆាំងអំពើពុករលួយ ៩៣ រូប ដែលទទួលបាននីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ ធ្វើសច្ចាប្រណិធាន នៅសាលសវនាការសាលាឧទ្ធរណ៍ភ្នំពេញ។
មាត្រា ២៤ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយចែងថា ប្រធាន អនុប្រធាន និងមន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានទទួលនីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ ត្រូវស្បថថាបំពេញមុខងាររបស់ខ្លួនដោយស្មោះត្រង់ តាមលក្ខខណ្ឌដែលមានចែងនៅក្នុងមាត្រា ៦៣ (សម្បថនៃមន្រ្តីនគរបាលយុត្តិធម៌) នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ចំពោះមន្រ្តីដែលទទួលបាននីតីសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ ត្រូវអនុវត្តមុខងាររបស់ខ្លួន ស្របតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ក្រមនីតិវិធីព្រហ្មទណ្ឌ និងបទប្បញ្ញត្តិជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

មកដល់ពេលបច្ចុប្បន្ន មន្ត្រីរាជការនៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ មានចំនួនសរុប ៣០៣ រូប ក្នុងនោះចំនួន ១៣រូប បានប្រកាសលើកទី១ កាលពីឆ្នាំ២០១០ ចំនួន ៦៧រូប លើកទី២ ឆ្នាំ២០១១ ចំនួន ១០៥ រូប លើកទី៣ ឆ្នាំ២០១៦ ចំនួន ២៥ រូប លើកទី៤ ឆ្នាំ២០១៩ និងចំនួន ៩៣ រូប ដែលបានប្រកាសលើកទី៥ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បើកកិច្ចប្រជុំ អាណត្តិទី៣ លើកទី៣២ នេះ បាន ដំណើរការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តុប សំ – សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន គ.ជ.ប.ព. ដើម្បី៖ 1- ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី៣១ អាណត្តិទី៣ 2- ស្ដាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និង3- បញ្ហាផ្សេងៗ។

បើតាមរបាយការណ៍របស់ អ.ប.ព.​ ចំពោះការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺមានមន្ត្រីចំនួន ២៨៨នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបាន ការតែងតាំងថ្មីចំនួន ១៥១នាក់ និងមន្ត្រី ១៣៧នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើកចុងក្រោយដោយមូលហេតុលាឈប់ពីការងារ -ចូលនិវត្តន៍ និងចប់អាណត្តិ។

អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ ចំនួន ៤៩ពាក្យប្ដឹង។

អ.ប.ព. បានទទួលការបណ្តុះបណ្តាលចំនួន ០២វគ្គ រួមមាន៖ ទី(1)-វគ្គបណ្តុះបណ្តាលស្តីពី ការវាយតម្លៃហានីភ័យថ្នាក់ជាតិ អំពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយកាយអាវុធមហាប្រល័យ ដែលរៀបចំឡើងដោយធនាគារពិភពលោក និងទី(2)- វគ្គបណ្តុះបណ្តាលស្តីពីការស៊ើបអង្កេតហិរញ្ញវត្ថុស្របគ្នា ដែលរៀបចំដោយក្រុមការងារហិរញ្ញវត្ថុ អន្តរជាតិ ។

ឯកឧត្តម ស៊ិន សុវណ្ណ ឧបការី នៃ អ.ប.ព. និងគណប្រតិភូចំនួន ០២ រូប បានអញ្ជើញចូល រួមសន្និសីទថ្នាក់តំបន់ ស្តីពីការជំរុញការតាមដានការអនុវត្តអនុសញ្ញាអង្គការសហប្រជា ជាតិប្រឆាំងអំពើពុករលួយនៅអាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានពិភាក្សា និងផ្តល់អនុសាសន៍លើការរាយការណ៍ ផ្សេងទៀតរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប្រធាន អ.ប.ព. លើសភាពការណ៍ពាក្យប្ដឹង សភាពការណ៍មូលដ្ឋាន និងកិច្ចការផ្សេងៗទៀតរបស់អង្គភាពដែលត្រូវអនុវត្តនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង