ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចទូរសព្ទ

57

 

(បន្ទាយមានជ័យ)÷ នៅវេលាម៉ោង១៦និង១៨នាទីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អាន ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចទូរសព្ទ ដែប្រព្រឹត្តកាលពីវេលាម៉ោង០១និង១០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ កេ សុខវី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ននៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនរងគ្រោះបានរៀបរាប់ថា ខ្លួនធ្វើការនៅក្នុងក្រុមហ៊ុនមួយ ក្នុងបុរីសានកូ ផ្នែកអ្នកបកប្រែភាសាចិន ពេលកំពុងធ្វើការខ្លួនតែងតែមើលកាមេរ៉ាសុវត្ថិភាពនៅកន្លែងធ្វើការ ស្រាប់តែឃើញបុគ្គលិកសន្តិសុខ ជាជនសង្ស័យដើរចូលទៅក្នុងបន្ទប់ធ្វើការផ្សេងទៀត ដែលគ្មានមនុស្សនៅ និងបានលួចយកទូរសព្ទដៃដែលក្រុមហ៊ុនទុកសម្រាប់ធ្វើការងារជាច្រើនគ្រឿងដាក់ចូលក្នុងហោបៅ រួចដើរចេញមកធ្វើការវិញជាធម្មតា ហើយរូបខ្លួនក៏ប្តឹងមកសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងតែម្តង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថាបន្ទាប់ពីទទួលបានពាក្យបណ្ដឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែង កើតហេតុធ្វើការ ឃាត់ខ្លួនជនសង្ស័យព្រមទាំងវត្ថុតាង ១-ទូរសព្ទម៉ាក IPhone7 ពណ៌ខ្មៅ ចំនួន០៨គ្រឿង,២-ទូរសព្ទម៉ាក IPhone7 ពណ៌ទឹកមាស ចំនួន០២គ្រឿង, ៣-ទូរសព្ទម៉ាក IPhone7 ពណ៌ផ្កាឈូក ចំនួន០១គ្រឿង, ៤-ទូរសព្ទម៉ាក IPhone7 ពណ៌ក្រហម ចំនួន០១គ្រឿង ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទូរសព្ទរបស់ក្រុមហ៊ុនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃប្រហស្បត៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងទូរសព្ទត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រគល់ជូនម្ចាស់ដេីមវិញហេីយ៕

អត្ថបទដែលជាប់ទាក់ទង