ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត លី ធុជ លើកឡើងពីកិច្ចខិតខំប្រឹងប្រែង និងយន្តការរបស់កម្ពុជា ក្នុងការជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

55

ប្រទេសស្វីស៖ នៅទីក្រុងហ្សឺណែវ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលសកលភាវូបនីយកម្ម (Universalization Coordinating Group) នៃអនុសញ្ញាអូតាវ៉ា ដើម្បីពិភាក្សាលើការរៀបចំផែនការយុទ្ធសាស្រ្ត និងវិធានការអនុវត្តក្នុងការលើកកម្ពស់សកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា ដោយផ្តោតលើការសម្រេចបានតំបន់ប៉ាស៊ីហ្វិកគ្មានមីន ការចូលជាសមាជិកនៃរដ្ឋគោលដៅ និងជំហានឆ្ពោះទៅរកការចូលជាសមាជិកនៃរដ្ឋដែលបានកំណត់ផ្សេងទៀត។ កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅនៅរសៀលថ្ងៃទី២៩ កុម្ភៈ ឆ្នាំ២០២៤ មានការចូលរួមពីតំណាងប្រទេសជាសមាជិក និងអង្គការអន្តរជាតិ រួមមាន ប្រទេសកម្ពុជា អូស្រ្តាលី បែលហ្សិក ចក្រភពអង់គ្លេស កាណាដា ស្វីស ជប៉ុន ស៊ុយអែត ហូឡង់ អាល្លឺម៉ង់ និងតំណាង ISU, ICBL, ICRC ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងអំពីភាពជាប្រធាននៃអនុសញ្ញាឆ្នាំ២០២៤របស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់ចេញនូវគោលដៅ យន្តការ និងផែនការក្នុងសកម្មភាពសកលភាវូបនីយកម្ម ការបញ្ចុះបញ្ចូល និងការកៀរគរបណ្តាប្រទេសមិនទាន់ក្លាយជារដ្ឋភាគី ឱ្យបានចូលរួមផ្តល់សច្ចាប័ន/យល់ព្រមចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ សកម្មភាពសកលភាវូបនីយកម្ម អាចត្រូវបានធ្វើឡើងតាមរយៈទំនាក់ទំនងការទូត កំណត់ទូត កិច្ចប្រជុំកំពូល វេទិកាកោះប៉ាស៊ីហ្វិក កិច្ចប្រជុំពាក់ព័ន្ធ និងការស្វែងរកកិច្ចសហប្រតិបត្តិការនិងការគាំទ្រពីប្រទេសជាមិត្ត ជាដើម។

អង្គប្រជុំ បានសម្តែងនូវការអបអរសាទរ និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា។ អង្គប្រជុំ បានជំរុញបន្ថែមរៀបចំឱ្យមានជាទស្សនៈទាន និងព័ត៌មានចាំបាច់មួយចំនួន ដើម្បីធ្វើការផ្សព្វផ្សាយតាមបណ្ដាកិច្ចប្រជុំ សន្និសីទ និងព្រឹត្តិការណ៍ផ្សេងៗ ព្រមទាំងត្រូវប្រមូលព័ត៌មានអំពីជំហរ លក្ខខណ្ឌនានា និងស្ថាប័នសម្រេចចិត្ត នៃប្រទេសមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញា អូតាវ៉ា ឱ្យបានចូលរួមជារដ្ឋភាគីនៃអនុសញ្ញា។
សូមបញ្ជាក់ថា ប្រទេសមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាមានចំនួន ៣៣ ហើយកាលពីកិច្ចប្រជុំក្នុងខែមករា ឆ្នាំ២០២៤ កន្លងទៅ អង្គប្រជុំ បានដាក់ចេញ និងកំណត់គោលដៅប្រទេសទមួយចំនួនដែលត្រូវធ្វើសកម្មភាពសកលភាវូបនីយកម្មរួមមាន បារ៉ែន ឡាវ កោះម៉ាស្យល មីក្រូណេស៊ី នេប៉ាល់ តុងហ្គា វៀតណាម អាមេនី អាស៊ែបៃហ្សង់ ហ្សកហ្ស៊ី លីបង់ ម៉ុងហ្គោលី និងសិង្ហបុរី៕ ដោយ. សំរិត

អត្ថបទដែលជាប់ទាក់ទង