ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានិងរដ្ឋលិចតិនស្តាញនៅអឺរ៉ុប ឯកភាពបន្តកិច្ចសហការ និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហការថ្មី ដើម្បីបង្កើនផលិតភាពការងារ និងទាក់ទាញវិនិយោគបន្ថែម

62

 

ភ្នំពេញ៖ កម្ពុជា និងរដ្ឋលិចតិនស្តាញ(Liechtenstein)ក្នុងតំបន់អឺរ៉ុប បានឯកភាពគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនៅកម្ពុជាដែលមានស្រាប់ និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការថ្មីដើម្បីជំរុញឱ្យកម្លាំងពលកម្មកម្ពុជាមានផលិតភាពការងារខ្ពស់ និងទាក់ទាញវិនិយោគបន្ថែម។ ការបញ្ជាក់យ៉ាងដូចនេះ គឺធ្វើឡើងក្នុងជំនួបសំដែងការគួរសមរវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ ឌូមីនិក ហាស្លឺ (Dominique Hasler) រដ្ឋមន្ត្រីក្រសួងការបរទេស អប់រំ និងកីឡា នៃប្រទេសលិចតិនស្តាញដែលធ្វើឡើងនៅថ្ងៃសុក្រ ទី១ ខែមិនា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួង។

ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលលិចតិនស្តាញ(Liechtenstein) ដែលបានជួយពង្រឹងបន្ថែមនូវគុណវុឌ្ឍិនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជាស្របទៅនឹងគោលនយោបាយថ្នាក់ជាតិដើម្បីឱ្យពលរដ្ឋកម្ពុជាមានជំនាញជាក់លាក់ និងអាចបង្កើនផលិតភាពការងារ និងមានប្រៀបប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគិនដែលកំពុងសម្លឹងរកការវិនិយោគមកកាន់តំបន់អាស៊ាន។

មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តម្រូវការដែលកម្ពុជាចង់បានបន្ថែមនោះ គឺការពង្រឹងគុណវុឌ្ឍិ និងស្តង់ដានៃការបណ្តុះបណ្តាលឱ្យមានបទដ្ឋានអន្តរជាតិដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងប្រកួតប្រជែង។
ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋមន្ត្រី បានសាទរចំពោះផែនការនៃការបណ្តុះបណ្តាលជំនាញរបស់កម្ពុជាដោយគូសបញ្ជាក់ថា ជំនាញបច្ចេកទេសដើរតួនាទីសំខាន់ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិ។

លើសពីនេះ ភាគីទាំងពីរ ក៏បានឯកភាពពិនិត្យមើលលទ្ធភាពចំពោះកិច្ចសហប្រតិបត្តិការថ្មីក្នុងការពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែសម្បូរបែប និងបត់បែនសម្រាប់ពលរដ្ឋឱ្យស្របទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និង ការវិវឌ្ឍន៍នៃបច្ចេកវិទ្យាឌីជីថលថ្មីៗដើម្បីឱ្យពលរដ្ឋកម្ពុជាមានលទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងសង្វាក់ផលិតកម្មដែលជាឈ្នាន់ក្នុងការថែរក្សាវិនិយោគដែលមានស្រាប់ និងទាក់ទាញវិនិយោគថ្មីៗបន្ថែម៕

អត្ថបទដែលជាប់ទាក់ទង