ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វស្លាបព្រៃកម្រចំនួន២៣ប្រភេទ ត្រូវបានរកឃើញ កំពុងរស់នៅ សហគមន៏ តំបន់ការពារធម្មជាតិ ទួលនាងសាវផ្លូវហ្លួង

57

ភ្នំពេញ ៖ យ៉ាងហោចណាស់សត្វស្លាបព្រៃកម្រៗចំនួន ២៣ប្រភេទ ត្រូវបានគេរកឃើញ ក្នុងនោះរួមមានទាំងសត្វប្រភេទជិតរងការគំរាមគំហែង (Near Threatened) ចំនួន ២ ប្រភេទទៀតគឺ ចាបពូកទ្រូងលឿង Asian Golden Weaver  អកត្រីក្បាលប្រផេះ Grey-headed Fish Eagle ត្រូវបានគេរកឃើញកំពុងរស់នៅសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង។

បើតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) បានឱ្យដឹងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះថា៖ បន្ទាប់ពីបានបង្កើត និងទទួលបានការបណ្តុះបណ្តាលបឋម ពីអង្គការជីវិតធម្មជាតិនៅកម្ពុជារួចមក ក្រុមល្បាតស្រ្តីនៃសហគមន៍តំបន់ការពារ ធម្មជាតិ ទួលនាងសាវផ្លូវហ្លួងនាតំបន់រ៉ាមសារស្ទឹងសែន ក្នុងបឹងទន្លេសាប ខេត្តកំពង់ធំ បានចាប់ផ្តើម ចុះល្បាតជាលើកទី១។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានបន្ថែមថា៖ ការល្បាតធ្វើឡើងដោយមានការចូលរួមជា មួយ ក្រុមល្បាតរបស់សហគមន៍ដើម្បីកត់ត្រាពីជីវចម្រុះ អប់រំផ្សព្វផ្សាយ និងទប់ស្កាត់ បទល្មើស។ សហគមន៍ទួលនាងសាវផ្លូវហ្លូង ជាផ្នែកមួយនៃតំបន់រ៉ាមសារស្ទឹងសែន ដែលមានទីតាំង ក្នុងទន្លេសាប។

សម្រាប់ លទ្ធផលនៃខែកុម្ភៈ ឆ្នាំ២០២៤ គេបានរកឃើញថា ក្រុមល្បាតបានទៅដល់ ចំនួន ៤ចំណុច ស្ថិតក្នុងតំបន់សហគមន៍រួមមាន ចំណុច ទង់ចងក ចាន់ច្រកែង បត់ដៃ និង ប៉ាហាល។ អំឡុងពេលល្បាតក៏បានអប់រំដល់ប្រជាសហគមន៍ចំនួន២ ករណីនៅចំណុច ទង់ចក ពួកគាត់ចូលតំបន់សហគមន៍ដើម្បីរើសខ្យង (សកម្មភាពប្រមូលអនុផលព្រៃលិច ទឹក)។ លើសពីនេះយើងបានកត់ត្រាសត្វស្លាបចំនួន ២៣ ប្រភេទ អំឡុងពេលល្បាតទៀត ផង។
អង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងថា ចំពោះបញ្ហាប្រឈមសម្រាប់ការល្បាត គឺការធ្វើដំណើរដោយថ្មើរជើង ព្រោះទីតាំងសហគមន៍ត្រូវបានរីងទឹកអស់ទៅហើយ មិនអាចជិះទូកបានទៅដល់ទីតាំងហសគមន៍នោះទេ។ ស្រ្តីគឺជាសមាជិកដ៏សំខាន់របស់ សហគមន៍ ការចូលរបស់ស្ត្រីក្នុងការគ្រប់គ្រងធនធានក្នុងសហគមន៍គឺកត្តាចាំបាច់។

គួរបញ្ជាក់ថា នៅដើមខែកុម្ភៈ ឆ្នាំ២០២៤កន្លងមក ក្រុមល្បាតស្រី្ដស្ម័គ្រចិត្ដចំនួន ៧ រូបបានចាប់ផ្ដើមការល្បាតប្រចាំខែដំបូងរបស់ខ្លួន ជាមួយគណៈកម្មការសហគមន៍ តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង។ ពួកគាត់បានស្ម័គចិត្ដចង់ពង្រឹងសមត្ថភាព និងឈ្វេងយល់បន្ថែម ពីឱកាសចូលរួមរបស់ស្រ្ដីហើយបានកំណត់ការចូលរួមល្បាត អង្កេតតាមដានជីវចម្រុះចំនួន ៤ ដងក្នុង១ខែ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង