ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

“កម្ពុជា និងលិចតិនស្តាញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍»

44

ភ្នំពេញ៖ នៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល និង ផ្លែផ្កា ជាមួយ លោកជំទាវ Dominique Hasler រដ្ឋមន្ត្រីការបរទេស អប់រំ និងកីឡា នៃបុរីក្សត្រ លិចតិនស្តាញ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានរំលឹកឡើងវិញនូវការពិភាក្សាប្រកបដោយផ្លែផ្កា កាលពី ជំនួបលើកដំបូងក្នុងឱកាសនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅខែ កញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក និងបានសង្កត់ធ្ងន់ពីសន្ទុះវិជ្ជមាននៃមិត្តភាពដែលកំពុងរីកលូត លាស់រវាងប្រទេសទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល លិចតិនស្តាញ ដែលបានជ្រើសរើសកម្ពុជា ជាប្រទេសអាទិភាពមួយ ក្នុងចំណោមប្រទេសអាទិភាព ទាំងប្រាំបួន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងក្ដី រីករាយដែលប្រទេសទាំងពីរ បានសម្រេចនូវកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ ក្នុងគោលបំណងពង្រឹងបន្ថែមនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កាន់តែស៊ីជម្រៅ ដោយផ្តោតជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបង្ហាញនូវការជឿជាក់ថា កិច្ចព្រមព្រៀងនេះ នឹងត្រួសត្រាយ ផ្លូវសម្រាប់ការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យជាមិនដែលផ្តល់ ផលប្រយោជន៍រួម។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍នូវបំណងរបស់ លោកជំទាវ Dominique Hasler ក្នុងការបង្កើតការិយាល័យផ្នែកអភិវឌ្ឍន៍ប្រចាំកម្ពុជា ដែលនឹងជួយសម្របសម្រួលដល់ការ អនុវត្តគម្រោងដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកបន្ថែម ទៀតលើវិស័យមានសក្តានុពល ជាពិសេសវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលស្របនឹង គោលនយោបាយយកប្រជាជនជាស្នូល នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋា- ភិបាលកម្ពុជា។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានឯកភាពស្វែងរកលទ្ធភាពក្នុងការបង្កើតកិច្ច ពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។ បន្ថែមពីនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏ បានពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និង លោកជំទាវ Dominique Hasler បាន បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករដើម្បីរក្សាទំនាក់ទំនងល្អដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ សម្រាប់ផលប្រយោជន៍រួមនៃប្រជាជនប្រទេសទាំងពីរ។
គួរឱ្យកត់សម្គាល់ផងដែរថា ដំណើរទស្សនកិច្ចរបស់ លោកជំទាវ Dominique Hasler ដែលជាទស្សនកិច្ចថ្នាក់រដ្ឋមន្ត្រីជាលើកដំបូង នៃបុរីក្សត្រលិចតិនស្តាញ មកកាន់ព្រះរាជាណាចក កម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៅក្នុងទំនាក់ទំនងរវាងកម្ពុជា-បុរីក្សត្រលិចតិនស្តាញ៕

អត្ថបទដែលជាប់ទាក់ទង