ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អញ្ជើញបើកវិញ្ញាសា ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ

28

 

ភ្នំពេញ៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ផ្តើម ដោយមានការអញ្ជើញបើកវិញ្ញាសាដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានចុះឈ្មោះសង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។

ការប្រឡងប្រជែងនាថ្ងៃនេះ មានបេក្ខជនចូលរួមចំនួន ២៤៧៩ អង្គ/នាក់ (ស្រី ១១៩៩នាក់) មកពីបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស។ ការប្រឡងចាប់ផ្តើមនាវេលាម៉ោង ២:០០ នាទីរសៀល លើវិញ្ញាសាដែលពាក់ព័ន្ធនឹងក្រមព្រហ្មទណ្ឌ ក្រុមនីតិវិធីព្រហ្មទណ្ឌច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់មួយចំនួនទៀតរួមទាំងការវិភាគបទល្មើស ចំណេះដឹងទូទៅ ភាសាអង់គ្លេស និងកុំព្យូទ័រ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា បេក្ខជនដែលចូលរួមប្រឡងប្រជែងត្រូវមានសមត្ថភាពល្អប្រសើរជាងគេ ទើបមានឱកាសទទួលបានលទ្ធផលឈ្នះគេ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូរគ្រប់សព្វបែបយ៉ាង រួមទាំងការរៀបចំនិយាមនីតិវិធីប្រតិបត្តិ ដើម្បីផ្តល់ឱកាស ឬផ្តល់ជាវេទិកាសម្រាប់ការបញ្ចេញសមត្ថភាពស្មើៗគ្នា ជូនប្រជាពលរដ្ឋបានចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិលក្របខ័ណ្ឌ។ ពិតណាស់ បេក្ខជនទាំងអស់គ្នាសុទ្ធតែមានសមត្ថភាពស្របពេលជាមួយគ្នា ដូច្នេះ អ្វីដែលគួរធ្វើ គឺសូមបេក្ខជនខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពឱ្យបានល្អប្រសើរជាងគេ ដើម្បីទទួលបានលទ្ធផលឈ្នះបេក្ខជនដទៃទៀត ព្រោះនេះជាការប្រឡងប្រជែង។

បេក្ខជនដែលចូលរួមប្រឡងប្រជែងក្របខ័ណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ(ចំនួន២៤៧៩នាក់)នាថ្ងៃអាទិត្យនេះ ក្របខ័ណ្ឌក្រសួងសាធារណៈការ និងដឹកជញ្ជូន(ចំនួន១៤២៤នាក់)នាថ្ងៃស្អែក រួមទាំងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(ចំនួន១១៣៨នាក់)នាថ្ងៃបន្ទាប់ សូមទទួលបានលទ្ធផលជាទីគាប់ចិត្ត តាមរយៈការប្រើប្រាស់ចំណេះ ជំនាញ និងសមត្ថភាពរៀងៗខ្លួនពិតប្រាកដ។

បើតាមក្រសួងមុខងារសាធារណៈ, អ្នកសង្កេតការណ៍ដែលជាតំណាងសាកលវិទ្យាល័យ មហាជនដែលបានចុះឈ្មោះដោយស្ម័គ្រចិត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) កំពុងសង្កេតពីដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពេញមួយថ្ងៃ។

អ្នកសង្កេតការណ៍ដែលអញ្ជើញចូលរួម មានតួនាទីឃ្លាំមើលសកម្មភាព និងដំណើរការនៃការប្រឡងប្រជែងក្នុងគោលដៅ ធានាថាការប្រឡងប្រជែងពិតជាប្រព្រឹត្តិទៅស្របតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន ប្រសិទ្ធភាព។ ទន្ទឹមនឹងនេះអ្នកសង្កេតការណ៍ ដែលជាយុវជន ស.ស.យ.ក ក៏បានចូលរួមក្នុងតួនាទីសម្របសម្រួល និងផ្តល់ព័ត៌មានពីដំណើរការទូទៅនៃការប្រឡងជូនទៅដល់បេក្ខជនតាមការចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង