ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការខេត្តព្រៃវែង ដោះលែងក្រុមក្មេងពាលសិស្សសាលាកាប់ចាក់នៅចំណុចរង្វង់មូលស្វាយអន្ទរ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន

90

 

ខេត្តព្រៃវែង៖ រឿងរ៉ាវក្មេងពាលជាសិស្សសាលានៅចំណុចរង្វង់មូលស្វាយអន្ទរកាប់ចាក់ បណ្ដាលឱ្យភាគីម្ខាងទៀតរងរបួស ត្រូវបានសាលាដំបូងខេត្តព្រៃវែង សម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន និង ដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ បន្ទាប់ពីភាគីក្នុងរឿងក្តីនេះបានស្រុះស្រួលគ្នា មិនប្តឹងផ្តល់គ្នាតទៅទៀតទេ ដោយគូភាគីនៃរឿងក្តី បានដោះស្រាយ គ្នាទទួលសំណង់រដ្ឋប្បវេណីរួចហើយ។

ពាក់ព័ន្ធករណីនេះឯកឧត្តមឧត្តមសេនីយ៍ទោឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ បានថ្លែងសារលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា “រឿងរ៉ាវក្មេងពាលនៅចំណុចរង្វង់មូលស្វាយអន្ទរកាប់ចាក់គ្នាកន្លងមក ។ សង្ឃឹមថា ពួកនេះនឹងកែប្រែខ្លួន មិនធ្វើឱ្យនគរបាលរវល់រឿងអត់ប្រយោជន៍ទៀតនោះទេ ខ្ញុំជឿជាក់ថា ទាំងអយ្យការ និងទាំងចៅក្រមប្រាកដជាតឹងតែងកាន់តែខ្លាំងឡើងៗចំពោះករណីបទល្មើសព្រហ្មទណ្ឌទាំងឡាយ ហើយក៏សារមួយព្រមានដល់ក្មេងៗពាលាអាវ៉ាសែផ្សេងៗទៀត នៅតាមបណ្តាស្រុកផ្សេងៗទៀត ចូរកែខ្លួនធ្វើជាមនុស្សមានប្រយោជន៍ដល់សង្គមជាតិ “។

សាលាដំបូងខេត្តព្រៃវែងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការសំណុំរឿងពាក់ព័ន្ធបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

អ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែង សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថាៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង បានចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១១៥០ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបូងខេត្តព្រៃវែង ទាក់ទិននឹងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលមាន ជនត្រូវចោទចំនួន ១៤នាក់ មានខ្លួន១២នាក់ ក្នុងនោះមានជនត្រូវចោទរងរបួសចំនួន ២នាក់ ប្រព្រឹត្តនៅចំណុច រង្វង់មូលស្វាយអន្ទរ ស្ថិតនៅភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួន តាមដីកាបង្គាប់ឲ្យឃុំខ្លួនចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានរយៈពេល១ (មួយ) ខែ និង១១ (ដបីមួយ) ថ្ងៃ ។

ក្នុងកិច្ចស៊ើបសួរដោយពិនិត្យឃើញថាៈ -ការស៊ើបសួរមានភាពជឿនលឿន ។
-ភាគីក្នុងរឿងក្តីនេះបានស្រុះស្រួលគ្នា មិនប្តឹងផ្តល់គ្នាតទៅទៀតទេ ដោយគូភាគីនៃរឿងក្តី បានដោះស្រាយ គ្នាទទួលសំណង់រដ្ឋប្បវេណីរួចហើយ គ្រប់ភាគីបានដកពាក្យបណ្ដឹងឈប់ប្ដឹងគ្នាទៅវិញទៅមកតទៅទៀត ។

-ជនត្រូវចោទភាគច្រើនស្ថិតក្នុងវ័យសិក្សាដូចមានក្នុងលិខិតបញ្ជាក់ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ របស់លោកនាយកវិទ្យាល័យ ។

-ពិចារណាពីឧត្តមប្រយោជន៍អនីតិជនលើជនត្រូវចោទមួយចំនួនៈជាអនីតិជនដែលកំពុងស្ថិតក្នុងវ័យសិក្សា

-មានការធានារបស់ឪពុកម្តាយ អាណាព្យាបាល ដើម្បីឲ្យកូនៗបានបន្តការសិក្សា និងធានានាំជនត្រូវចោទទាំងអស់ចូលមកបង្ហាញខ្លួនគ្រប់កិច្ចនីតិវិធីរបស់តុលាការ ។

ផ្អែកលើមូលដ្ឋានីទាំងអស់ខាងលើ ចៅក្រមស៊ើបសួរ យល់ឃើញថា ការឃុំខ្លួនលែងមានភាពចាំបាច់ បានសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន និង ដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការស្របតាម បញ្ញត្តិមាត្រា២១៥ មាត្រា២១៦ មាត្រា២១៧ មាត្រា២១៨ និង មាត្រា២២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ ចៅក្រមស៊ើបសួរ បាននឹងកំពុងពិនិត្យចាត់ការបិទការស៊ើបសួរ តាមនីតិវិធី បញ្ជូនសំណុំរឿង និងជនត្រូវចោទទៅជំនុំជម្រះតាមនីតិវិធីជាបន្តបន្ទាប់ ៕

អត្ថបទដែលជាប់ទាក់ទង