ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះផ្ទុះរថយន្ត នៅទីតាំងចំណតរថយន្តមុខប្រាសាទអង្គរវត្ត ដែលឧបទ្ទវហេតុបណ្តាលមកពីលក្ខណៈបច្ចេកទេសរបស់រថយន្ត

50

 

ខេត្តសៀមរាប ៖ តាមសេចក្ដីរាយការណ៍បឋមពីសមត្ថកិច្ចបានឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះថា រថយន្តក្រុងដឹកភ្ញៀវទេសចរណ៍ចំនួន៤គ្រឿង មកទស្សនាថ្ងៃរះ នៅមុខប្រាសាទអង្គរ ដែលចតរង់ចាំភ្ញៀវចេញមកវិញ ស្រាប់តែផ្ទុះដោយមិនដឹងមូលហេតុ បណ្ដាលឱ្យខូចខាតយ៉ាងដំណំ និងរងរបួសមនុស្សម្នាក់ផងដែរ ។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៥និង៣២នាព្រឹកថ្ងៃទី៥ ខែមីនាឆ្នាំ ២០២៤ ស្ថិតនៅទីតាំងបរិវេណចំណតរថយន្តមុខអង្គរវត្ត ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាបកំពុងធ្វើពិនិត្យ និងស្រាវជ្រាវ ដើម្បីរកមូលហេតុនៃការផ្ទុះនេះ ។

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសូមប្រកាសព័ត៌មានស្តីពីករណីឆេះផ្ទុះរថយន្ត នៅទីតាំងចំណតរថយន្តមុខប្រាសាទអង្គរវត្ត ដែលឧបទ្ទវហេតុនេះបណ្តាលមកពីលក្ខណៈបច្ចេកទេសរបស់រថយន្ត ៤៥កៅអីមួយគ្រឿង។

រដ្ឋបាលខេត្តសូមជម្រាបសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តា ជ្រាបថា៖ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៥៖៥០នាទី មានករណីឆេះផ្ទុះរថយន្តដឹកភ្ញៀវទេសចរ ៤៥កៅអី ១គ្រឿង នៅទីតាំងចំណតរថយន្តមុខប្រាសាទអង្គរវត្ត។

តាមរយៈរបាយការណ៍ស្រាវជ្រាវបឋមរបស់សមត្ថកិច្ច រដ្ឋបាលខេត្តសូមជម្រាបជូនថា រថយន្ត ៤៥កៅអី មួយគ្រឿងខាងលើនេះ បានដឹកភ្ញៀវទេសចរឱ្យចូលមើលថ្ងៃរះក្នុងបរិវេណប្រាសាទអង្គរវត្ត រួចចូលចំណតចតជាធម្មតា ដោយមានរថយន្តចតក្បែរផងដែរ។ មូលហេតុនៃការឆេះផ្ទះនេះ គឺជាឧបទ្ទវហេតុបណ្តាលមកពីលក្ខណៈបច្ចេកទេសរបស់រថយន្ត ៤៥កៅអីមួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 3E-4674 រហូតដល់ឆេះរាលដាលដល់រថយន្តចតក្បែរ ២គ្រឿងទៀត។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាននឹងកំពុងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់សមត្ថកិច្ចជំនាញរបស់ រដ្ឋបាលខេត្ត ដើម្បីស្រាវជ្រាវបន្ថែមទៀតអំពីហេតុការណ៍ដែលបានកើតឡើងនេះ។

រដ្ឋបាលខេត្តសូមជម្រាបជូនបន្ថែមថា ករណីគ្រោះថ្នាក់នេះមិនបានបង្កឱ្យរងរបួសដល់ភ្ញៀវទេសចរនោះទេ ដោយបានបង្កការខូចខាតរថយន្តចំនួន ៣គ្រឿង ក្នុងនោះរថយន្តប្រភេទ ៤៥កៅអី ២ គ្រឿង រថយន្ត ២៤កៅអី ១គ្រឿង និងបណ្តាលឱ្យរងរបួសមនុស្ស ២នាក់។

រដ្ឋបាលខេត្ត សូមស្នើដល់សារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចៀសវាងការ ផ្សព្វផ្សាយព័ត៌មាន ដោយធ្វើការសន្និដ្ឋាន ឬដោយការយល់ឃើញណាមួយផ្ទាល់ខ្លួន មិនមានមូលដ្ឋាន ច្បាស់លាស់ ឬមានចេតនាញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ការទទួលខុសត្រូវចំពោះមុខច្បាប់៕

អត្ថបទដែលជាប់ទាក់ទង