ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា អញ្ជើញសំណេះសំណាល និងអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២៤ ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នៅសង្កាត់អូឬស្សីទី២

68

ភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់អូឬស្សីទី២ ព្រមទាំង លោកស្រី ហ៊ុន សុធារ៉ា ជាភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំសំណេះសំណាលជាមួយក្រុមការងារ យេនឌ័រ ព្រមទាំងមន្រ្តីជានារី នៅសង្កាត់អូឬស្សីទី២ ដើម្បីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្រ្តី និង ក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»។

ទិវាអន្តរជាតិនារីលើកទី១១៣ គឺដើម្បីរំលេចសក្តានុពល និងភាពចាំបាច់ នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីក្នុងយុគសម័យឌីជីថល ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងធានាបាននូវសិទ្ធិ ព្រមទាំងឱកាសពេញលេញ ក្នុងការទទួលបានជម្រើស និងភាពជាតំណាងប្រកបដោយសក្តានុពល ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយចីរភាព និងបរិយាបន្ន។

នាឱកាសនោះ លោកអភិបាលរង បានកោតសរសើរជូនចំពោះមន្រ្តីជានារីគ្រប់រូប ដែលកន្លងមកបានបំពេញបេសកកម្មប្រកបដោយភាពអំណត់ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើមី្បចូលរួមចំណែកក្នុងការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ម្យ៉ាងវិញទៀត លោកអភិបាលរង ក៏បានផ្តាំផ្ញើដល់មន្រ្តីនារី ទាំង ២៣នាក់ ទោះក្នុងតំលៃណាក៏ដោយត្រូវថែរក្សាឱ្យបាននូវសន្តិភាព ត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង ទាំងចំណេះដឹង និងជំនាញ ក្នុងការ បំពេញ ភារកិច្ចដោយ ស្មារតី ទទួលខុសត្រូវខ្ពស់ ហើយត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ដើមី្ប លើក កម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យបានគង់វង្ស។

លោកអភិបាលរង បានបញ្ជាក់ថា រដ្ឋបាលខណ្ឌ៧មករា រួមទាំងរដ្ឋបាលសង្កាត់ទាំង៨ មានភាពចាំបាច់ក្នុងការចូលរួមគាំទ្រ និងអនុវត្តការងារលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីបង្កើតបរិស្ថានអំណោយផល និងផ្តល់ឱកាសឱ្យស្ត្រីបានបន្តចូលរួមយ៉ាងពេញលេញក្នុងការអនុវត្តសិទ្ធិ និងករណីយកិច្ច ព្រមទាំងទទួលបានផលប្រយោជន៍ពីកិច្ចអភិវឌ្ឍក្នុងមូលដ្ឋានខណ្ឌ៧មករា ប្រកបដោយសមធម៌ និងសមភាព តាមរយៈការបន្តគិតគូរដល់ស្ត្រី ។

ក្នុងពិធីសំណេះសំណាលនេះដែរ លោកអភិបាលរង ក៏បានផ្តល់ជូននូវបាច់ផ្កាអនុស្សាវរីយ៍ ដល់ភរិយា ព្រមទាំងតំណាងនារីសង្កាត់ និងបានឧបត្ថម្ភលើកទឹកចិត្ត ដល់មន្រ្តីនារីដែលបានចូលរួម សរុប ២៣នាក់ ក្នុងម្នាក់ៗ ទទួលបាន សំពត់សឹង្ហ ១, ទឹកសុទ្ធ ១កេស, ថវិកា ៤០,០០០៛ (៤ម៉ឺនរៀល) និងឧបត្ថម្ភ បុគ្គលិក សង្កាត់ ១៤នាក់ (បុរស) ក្នុងម្នាក់ ៤ម៉ឺនរៀល រួមទាំងលោក ចៅសង្កាត់ ៤០០,០០០៛ សំរាប់ទ្រទ្រង់រដ្ឋបាលសង្កាត់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង