ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាឆក់កាបូបស្ពាយពីបុរសរងគ្រោះ តែមិនបានសម្រេច ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ បង្ក្រាបបានភ្លាមៗ

27

 

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២២៖២៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ ចុះល្បាតតាមផ្លូវលេខ១៦៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ពេលនោះក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន២គ្រឿងមានគ្នាចំនួន៣នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីបុរសរងគ្រោះដែលកំពុងជិះម៉ូតូតែមិនបានសម្រេច។ ភ្លាមៗកម្លាំងជំនាញការិយាល័យធ្វើការប្រដេញ និងសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ នៅចំណុចក្នុងអាគារបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោង២២៖៤០នាទី ឈ្មោះ ឡុង ជីវសារិទ្ធ ហៅឡុង សម្បត្តិ អាយុ៣៥ឆ្នាំ មុខរបរអ្នកវេរលុយ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (អ្នកបិទគូទ)។
រីឯឈ្មោះ គោ នឹងឈ្មោះ ស ដែលជាជនដៃដល់បានបើករត់គេចខ្លួនបាត់។

សម្ភារៈដកហូតមាន ម៉ូតូហុងដាបីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JW-3135 (របស់ជនសង្ស័យ)។
បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលើ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តរតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង