ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាម ដកបញ្ឈរជើងស្មៀនឃុំផ្អាវ ទារលុយ200$ ពីពលរដ្ឋគ្រាន់តែសុំច្បាប់ការកូន

57

 

កំពង់ចាម៖ស្មៀនឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ទារលុយ២០០ដុល្លារអាមេរិក ពីប្រជាពលរដ្ឋ ថ្លៃសុំច្បាប់រៀបអាពាហ៍ពិពាហ៍ ត្រូវបានលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដកបញ្ឈរជើង បណ្ដោះអាសន្ន។ នេះបើតាមលិខិតសម្រេចរបស់លោកអភិបាលខេត្ត ដែលទទួលបាននៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ។

បើតាមដីការបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សម្រេចស្មៀនឃុំច្បារអំពៅ នៅស្រុកបាធាយ បញ្ឈរជើងជាបណ្ដោះអាសន្ន ឲ្យទៅបម្រើការងារនៅទីចាត់ការរដ្ឋបាលសាលាខេត្តកំពង់ចាម ។

ជាមួយនឹងការដកបញ្ឈរជើងលោក ភាព តុលា ពីស្មៀនឃុំច្បារអំពៅនេះ លោក អ៊ុន ចាន់ដា ក៏បានចេញដីកាតែងតាំង លោកស្រី វី សុង៉ោ ពីមន្ដ្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រដ្ឋបាលស្រុកបាធាយ ឲ្យទៅបម្រើការងារជាមន្ដ្រីស្មៀនឃុំច្បារអំពៅ រហូតមានការសម្រេចជាផ្លូវការពីក្រសួងមហាផ្ទៃ ។

គួរជម្រាបថា ដើមចមនៃការដកបញ្ឈរជើងស្មៀនឃុំច្បារអំពៅនេះ គឺផ្ដើមចេញពីការរិះគន់របស់ប្រជាពលរដ្ឋ នៅលើបណ្ដាញសង្គម ដោយចោទប្រកាន់ថា លោក ភាព តុលា បានទាមទារលុយចន្លោះពី១០០ ទៅ២០០ដុល្លារអាមេរិក ជាថ្នូរនឹងការស្នើសុំច្បាប់រៀបអាពាហ៍ពិពាហ៍ និងថែមទាំងប្រើប្រាស់ពាក្យសម្ដី កាយវិការមិនសមរម្យទៅលើរូបគាត់ថែមទៀតផង ។

បើតាមគណនេយ្យហ្វេសប៊ុក ឈ្មោះ តូច សាន បានសរសេររៀបរាប់យ៉ាងដូច្នេះថា “នាងខ្ញុំឈ្មោះ តូច សាន ជាប្រជាពលរដ្ឋ រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម សូមគោរពជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង សូមគោរពជូន អភិបាលស្រុក បាធាយ ខេត្តកំពង់ចាម នាងខ្ញុំកើតទុក្ខ មិនសុខចិត្ត និង ទង្វើរ កាយវិការ លោក ភាព តុលា ស្មៀនឃុំផ្អាវ ព្រោះកាលពី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៨ វេលាម៉ោងប្រហែល ៤ ល្ងាច នាងខ្ញុំបានទៅសុំធ្វើ ច្បាប់ការកូន ស្រាប់តែ លោក ភាព តុលា (ស្មៀនឃុំផ្អាវ) បានប្រើពាក្យសម្ដី និង កាយវិការមិនសមរម្យ មកលើករូបនាងខ្ញុំជាប្រជាពលរដ្ឋ ទាំងដែរនាងខ្ញុំមក សុំធ្វើច្បាប់ការសោះ ស្រាប់តែលោកភាព តុលាទារប្រាក់ពីនាងខ្ញុំដល់ 200$ ជាថ្នូរនិងការបោះត្រាអោយលើ លិខិតពាក្យសុំច្បាច់ការ ហើយនាងខ្ញុំបានសុំអង្វ សុំត្រឹម100$បានហើយ ឲ្យ100$ហើយ លោកភាព តុលា មិនចង់ ធ្វើឲ្យទៀត។ ចឹងបើនាងខ្ញុំអត់មានលុយចំនួន100$ ឬ 200$ នាងខ្ញុំអត់អាចការកូនបានទេឬ នាងខ្ញុំសូម ឯកឧត្តមអភិបាលខេត្តកំពង់ចាម និង អភិបាលស្រុកបាធាយ និង លោក មេឃុំផ្អាវ ជួយពន្យល់នាងខ្ញុំជា ពលរដ្ឋស្លូតត្រង់ផង”៕

អត្ថបទដែលជាប់ទាក់ទង