ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊ើបអង្កេតករណីជនខិលខូចមួយក្រុម យាយីធ្វើឱ្យរបួសសត្វស្វានៅតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប

86

 

ខេត្តសៀមរាប៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរាស៊ើបអង្កេតលើជនខិលខូចមួយក្រុមបានយាយីធ្វើឱ្យសត្វស្វានៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីអនុវត្តនីតិវិធីច្បាប់

នាពេលថ្មីៗនេះ មានជនខិលខូចមួយក្រុមតូច បានយាយីធ្វើឱ្យរបួសសត្វស្វា យកជើងទាត់ និងគ្រវែងសត្វស្វាចូលក្នុងទឹក ដើម្បីថតរូបក្នុងគោលដៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួននៅតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប។

ដើម្បីទប់ស្កាត់សកម្មភាពទាំងនេះ បច្ចុប្បន្នមន្ទីរកសិកម្មខេត្ត កំពុងសហការជាមួយអាជ្ញាធរជាតិអប្សរា នឹងធ្វើការស៊ើបអង្កេតលើករណីជនខិលខូចមួយក្រុមតូចទាំងនោះ។ យោងតាមច្បាប់ស្តីពីព្រៃឈើមាត្រា ៤៨ ចែងថា៖ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាទ្រព្យសម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើរួមមាន ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ផលជលិកសត្វ បាណកសត្វ និងសត្វ ឥតឆ្អឹងកងផ្សេងៗទៀតព្រមទាំងពងកូនរបស់វា និងមាត្រា ៩៩ចែងថាៈ ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី៣ ដែលត្រូវជាប់ពន្ធនាគារពី ០១ខែទៅ ០១ឆ្នាំ ឬត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១លានទៅ ១០លានរៀល វត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសយាយីធ្វើឱ្យរបួស ប្រមូលពងកូននៃប្រភេទសត្វក្នុងក្រុមជិតផុតពូជ ឬក្រុមមានដោយកម្រឬបំផ្លាញជម្រករបស់វា។

ទង្វើអសីលធ៌មក្នុងការយាយី ការធ្វើទារុណកម្ម ធ្វើឱ្យរបួសសត្វស្វាជាអំពើខុសច្បាប់ដែលត្រូវផ្តន្ទា ទោសតាមច្បាប់ស្តីពីព្រៃឈើ។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរជាតិអ ប្សរានឹងធ្វើការស៊ើបអង្កេតលើករណីជនខិលខូចមួយក្រុមតូច រមណីយដ្ឋានអង្គរដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង