ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន វ៉ាយ & ជាប់បែលយូ ហ្គាមិន បិទទ្វារ ដោយថៅកែបានរត់ចោលរោងចក្រ , កម្មករធ្វើបាតុកម្មបិទផ្លូវ ទាមទារប្រាក់ខែ

71

 

រាជធានីភ្នំពេញ៖ នៅ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលខជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន ករណីវិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមិន។ ក្រុមហ៊ុន វ៉ាយ & ជាប់បែលយូ ហ្គាមិន ជាករណីក្រុមហ៊ុនបិទទ្វារដោយថៅកែបានរត់ចោលរោងចក្រ។ ក្រសួងការងារនឹងប្ដឹងក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមិនទៅតុលាការ ដើម្បីស្នើសុំ ដីការចាត់ចែងរក្សាការពារទ្រព្យសម្បត្តិ និងដោះស្រាយលើបណ្ដឹងអង្គសេចក្ដី ដើម្បីអាចមានលទ្ធភាពទូទាត់ ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិត។

ការធ្វើបាតុកម្មរបស់កម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមិន ដែលមានអាសយដ្ឋាន ស្ថិតនៅផ្លូវចំការដូង(២១៧) ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ នេះ បានឈានដល់ការបិទផ្លូវសាធារណៈ លេខ ២១៧ សង្កាត់ព្រែកជ្រៃ ខណ្ឌដង្កោ បង្កឱ្យមាន ការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់កម្មករនិយោជិត អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ សហជីពមូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវបញ្ឈប់សកម្មភាពនេះ ជាបន្ទាន់ ហើយងាកមកស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ជាធរមាន ដើម្បីរក្សា សណ្តាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបថា វិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ជាប់បែលយូ ហ្គាមិន ជាករណីក្រុមហ៊ុនបិទទ្វារដោយថៅកែបានរត់ចោលរោងចក្រ ដែលត្រូវដោះស្រាយទៅតាមច្បាប់ស្តីពី ការងារ និងតាមច្បាប់ស្តីពីក្ស័យធន។ យោងតាមនីតិវិធីច្បាប់ ក្រសួងនឹងប្ដឹងក្រុមហ៊ុនទៅតុលាការ ដើម្បីស្នើសុំ ដីការចាត់ចែងរក្សាការពារទ្រព្យសម្បត្តិ និងដោះស្រាយលើបណ្ដឹងអង្គសេចក្ដី ដើម្បីអាចមានលទ្ធភាពទូទាត់ ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិតទាំងអស់។

ក្រសួងសូមរម្លឹកដល់អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ សហជីពមូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវ ស្វែងយល់ឱ្យបានច្បាស់អំពីវិធានច្បាប់ ប្រកបដោយវិជ្ជាជីវៈ និងមនសិការទទួលខុសត្រូវ ហើយមិនត្រូវឆ្លៀត ឱកាសកេងចំណេញក្នុងរូបភាពណាមួយពីករណីវិវាទការងារនេះ តាមរយៈការបកស្រាយ និងធ្វើសកម្មភាពនានា ផ្ទុយពីខ្លឹមសារ និងគោលការណ៍ច្បាប់ឡើយ។ ជនទាំងឡាយណាដែលព្យាយាមបកស្រាយច្បាប់ដោយមិន ត្រឹមត្រូវ ក្នុងចេតនាបង្កឱ្យមានការតវ៉ាដោយខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

សូមរំលឹកថា វេលាម៉ោង ៨:១៥នាទីព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ កម្មកររោងចក្រ ប្រមាណជាង៤០០នាក់ ដឹកនាំដោយប្រធានសហព័ន្ធសហជីពសេរីដើម្បីកម្មករខ្មែរ បានធ្វើកូដកម្មបិទផ្លូវ ទាមទាតវ៉ា នៅខាងមុខរោងចក្រY&W ស្ថិតនៅលើផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងការងារ ក្រោយថៅកែរោងចក្រប្រកាសបិទទ្វារ និងនៅមិនទាន់ទូទាត់ប្រាក់ខែ ប្រាក់សំណងជូនកម្មករឱ្យស្របតាមច្បាប់ការងារ៕

អត្ថបទដែលជាប់ទាក់ទង