ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផលិតកម្មទីក្រុងថោន ចេញលិខិតសុំអភ័យទោស ចំពោះការផលិតចម្រៀងមានចំណងជើងថា “Team ទឹកត្នោតជូរ” ដែលបានរំលោភធ្ងន់ធ្ងរទៅនឹងច្បាប់សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល

28

ភ្នំពេញ៖ លិខិតសុំអភ័យទោសរបស់ផលិតកម្ម ទីក្រុងភាពយន្ត (Town Production) ចំពោះការផលិតចម្រៀងមានចំណងជើងថា “Team ទឹកត្នោតជូរ” ដែលបានរំលោភធ្ងន់ធ្ងរទៅនឹងច្បាប់សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ដោយសូមគោរពជូន លោកជំទាវបណ្ឌិតសភាចារ្យ គ្រឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

កម្មវត្ងុ ៖ ការសុំអភ័យទោសឆ្លើយតបចំពោះសេចក្តីព្រមាន លេខ០៧សជណចុះថ្ងៃទី ០៧ ខែមិនាឆ្នាំ២០២៤

លោកជំទាវឧកញ៉ា ជួប មាន អគ្គនាយិកាផលិតកម្ម ទីក្រុងភាពយន្ត (Town Production) បានលើកឡើងថា សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំ មានកិត្តិយស សូមគោរពជម្រាបជូន លោកជំទាវ បណ្ឌិតសភាចារ្យ មេត្តាជ្រាបថា ដោយខ្វះស្មារតីប្រុងប្រយ័ត្ននៃក្រុមការងារជំនាញ បច្ចេកទេស (TM) បានធ្វេសប្រហែស អាប់ឡូត (UPLOAD) បទចម្រៀង TEAM ទឹកត្នោតជូ ច្រៀងដោយលោក ម៉ៅហាជី និងនិពន្ធទំនុកច្រៀងដោយលោក ថុន ស៊ីថែន បង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គម YouTube ជាសាធារណៈកាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដោយមិនទាន់មានសេចក្តីសម្រេចពីគណៈគ្រប់គ្រង។

បទចម្រៀងខាងលើក្រោយពីបានបង្ហោះផ្សព្វផ្សាយបន្តិចគណៈគ្រប់គ្រង ផលិតកម្មទីក្រុងថោន បានឃើញ និងបានលុបចេញពីបណ្តាញសង្គម YouTube ភ្លាមៗ ដោយយល់ឃើញថា ការផ្សព្វផ្សាយនេះ ជាការរំលោភច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងជាពិសេសប៉ះពាល់ធ្ងន់ធ្ងរលើទំនុកនិពន្ធ របស់ បទភ្លេងដែលមានតម្លៃសម្រាប់ជាតិ និងប្រជាពលរដ្ឋខ្មែរ។

តាមជាក់ស្តែងចំពោះបទចម្រៀងបានលុបចោលរួចរាល់ហើយ ប៉ុន្តែមានជនឆ្លៀតឱកាស យកបទចម្រៀងដែលបានផុស ទៅកាត់ត ដាក់បញ្ចូលបន្ថែមឃ្លាឃ្លោងឃ្លា ហើយបង្ហោះដើម្បីទាញយក ប្រជាប្រិយភាពដើម្បីផ្សព្វផ្សាយបន្ត។

ចំពោះបញ្ហាដែលបានកើតឡើងភ្លាមៗ តារាចម្រៀង លោក ម៉ៅ ហាជី និងអ្នកនិពន្ធទំនុកច្រៀង លោក ថុន ស៊ីថែន ក៏បានចេញមុខឡាយក្នុងហ្វេសបុកផ្ទាល់របស់សាម៉ីខ្លួន កាលពីថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៤ វេលាម៉ោង ១០ព្រឹក ហើយក្នុងនោះ ផេកហ្វេសបុកផ្លូវការរបស់ផលិតកម្មទីក្រុងភាពយន្ត ថោន ក៏បានស៊ែរបន្ត ដើម្បីធ្វើការសុំទោសជាសាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

គណៈគ្រប់គ្រង ផលិតកម្មទីក្រុងភាពយន្ត ពិតជាមានការសោកស្តាយ សន្យាបង្កើនការប្រុង ប្រយ័ត្នខ្ពស់ ក្នុងការចេញបទភ្លេង ចម្រៀង ដែលមានតម្លៃសម្រាប់ជាតិ និងប្រជាពលរដ្ឋខ្មែរ។

សូម លោកជំទាវបណ្ឌិតសភាចារ្យ រឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ទទួលនូវការសូមទោស និងការគោរពដ៏ខ្ពង់ខ្ពស់អំពីនាងខ្ញុំ៕

អត្ថបទដែលជាប់ទាក់ទង