ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធនាការបាញ់ថ្នាំសម្លាប់មូស នៅរាជធានីភ្នំពេញបានរួចរាល់ទាំងស្រុង១០៥សង្កាត់ ក្នុងខណ្ឌទាំង១៤ហើយ

139

 

ភ្នំពេញ៖អនុវត្តតាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើការយកចិត្តទុកដាក់សុខមាលភាពប្រជាពលរដ្ឋ និងដោយយោងទៅលើស្ថានភាពជាក់ស្ដែង នៃការរីករាលដាលជំងឺគ្រុនឈាម មានការកើនឡើង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចាត់វិធានជាបន្ទាន់ ដោយចាត់ក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងដោយមានកិច្ចសហការពីកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញសំដៅធ្វើយ៉ាងណា លុបបំបាត់ឲ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។

លោកវេជ្ជបណ្ឌិតងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បាន ឱ្យដឹងនៅថ្ងៃ១៣មីនានេះថា ក្រុមការងារ ដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកងពលតូចលេខ៧០ គិតដល់ថ្ងៃទី១២ខែមីនា ឆ្នាំ ២០២៤ក្រុមការងារ ចុះយុទ្ធនាការបាញ់សម្លាប់មុសខ្លា ប្រឈមជំងឺគ្រុនឈាមនោះគឺអនុវត្តបានទាំង១០៥សង្កាត់ក្នុង១៤ខណ្ឌ ទូទាំងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា៖យុទ្ធនាការបាញ់ថ្នាំសម្លាប់មូស នៅរាជធានីភ្នំពេញទាំង១០៥សង្កាត់ ក្នុងខណ្ឌទាំង១៤កាលពីថ្ងៃ២៣កុម្ភៈហើយបានបញ្ចាប់នៅថ្ងៃទី១២មីនា២០២៤។
ជាមួយគ្នានេះប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាលុបបំបាត់ទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា)។ យើងរួមគ្នា លុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍របស់យើង ដើម្បីរួមចំណែកទុបស្កាត់ការចម្លងជំងឺគ្រុនឈាម។ មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។

សូមជម្រាបថា ជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយ វីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹក ដក់រងថ្លាគ្មានក្លិន ដូចជា៖ ពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែង ពិសេសសំបកកង់ឡាន ម៉ូតូ ក្រឡ កំប៉ុង ចាន កែវ ជាដើម ដែលទុក ឬបោះចោលពាសវាលពាសកាល បង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។ យើងត្រូវដាក់ថ្នាំអាបែតក្នុងពាង និងអាងទឹក ដើម្បីសម្លាប់ដង្កូវទឹក ជាការរួមចំណែកទុបស្កាត់ការកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម៕

អត្ថបទដែលជាប់ទាក់ទង