ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគមឧកញ៉ាកម្ពុជា កំពុងសិក្សាពីលទ្ធភាពក្នុងការចាត់វិធានការផ្លូវច្បាប់ លើបុគ្គលមួយចំនួន ដែលយកងារជា ឧកញ៉ា ទៅប្រព្រឹត្តខុសច្បាប់

36

 

រាជធានីភ្នំពេញ ៖ សមាគមឧកញ៉ាកម្ពុជា កំពុងសិក្សាពីលទ្ធភាពក្នុងការចាត់វិធានការផ្លូវច្បាប់លើបុគ្គលមួយចំនួនដែលយកងារជា ឧកញ៉ា ទៅប្រព្រឹត្តខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គោរមវន្តឧកញ៉ាដទៃ។ សមាគមឧកញ៉ាកម្ពុជា សូមស្នើ ឱ្យម្ចាស់គណនីទាំងនោះធ្វើការលុបចោលជាបន្ទាន់នូវការចុះផ្សាយព័ត៌មាននោះនិងបញ្ឈប់ការចែករំលែកបន្តនូវព័ត៌មានទាំងនោះ។

នៅ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សមាគមឧកញ៉ាកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការផ្សព្វផ្សាយថ្មីៗតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹង ឧកញ៉ា នៅកម្ពុជារបស់បុគ្គល ឬអង្គភាពព័ត៌មានមួយចំនួនដែលនាំឱ្យមានការវាយប្រហារ ឬយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរព្រមទាំងកិត្តិយសរបស់គោរមវន្តផ្សេងទៀតដែលមិនបានជាប់ពាក់ព័ន្ធឬបង្កបញ្ហាណាមួយនោះ។

សមាគមឧកញ៉ាកម្ពុជាបានសង្កេតនិងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការផ្សព្វផ្សាយព័ត៌មានរបស់បុគ្គល ឬអង្គភាព ព័ត៌មានមួយចំនួននៅតាមបណ្តាញទំនាក់ទំនងសង្គមដូចជា ហ្វេសប៊ុក និងតិកគុកជាដើម ពាក់ព័ន្ធនឹងរឿងរ៉ាវរបស់គោរមវន្ត ដែលមានងារជា ឧកញ៉ា។ ក្រោយពីបានពិនិត្យទៅលើបរិបទ និងខ្លឹមសារទាំងនោះ សមាគមឧកញ៉ាកម្ពុជា បានកត់សម្គាល់ ឃើញថាការផ្សព្វផ្សាយទាំងនោះហាក់មានភាពទូលំទូលាយពេកដោយមិនផ្ដោតចំពោះគោរមវន្តរូបណាមួយ ដែលនាំឱ្យមានការ វាយប្រហារ ឬយល់ច្រឡំខុស និងធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូ ព្រមទាំងកិត្តិយសគោរមវន្តផ្សេងទៀតដែលមិនបានជាប់ពាក់ព័ន្ធ នៅក្នុងរឿងរ៉ាវទាំងនោះទាល់តែសោះ។ ដូច្នេះ សមាគមឧកញ៉ាកម្ពុជា សូមស្នើដល់បុគ្គល ឬអង្គភាពព័ត៌មានធ្វើការផ្សព្វផ្សាយ ដោយចំពោះបុគ្គលដែលប្រព្រឹត្តខុស និងពុំគួរភ្ជាប់សាច់រឿងអាស្រូវទាំងនោះជាមួយនឹងគោរមងារ ឧកញ៉ា ទូទៅឡើយ ពីព្រោះ មានឧកញ៉ាច្រើនលើសលុបគឺជាអ្នកដែលបានខិតខំថែរក្សាការពារសេចក្តីថ្លៃថ្នូរបស់គោរមវន្ត ចូលរួមជួយដល់កិច្ចការមនុស្សធម៌ និងរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជាតិរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងសស្រាក់ សស្រាំ តាំងតែពីដើមរៀងមក។

សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅកម្ពុជា និងការពារផលប្រយោជន៍ ស្របច្បាប់ និងកិត្តិយសរបស់ ឧកញ៉ា ជាសមាជិក និងមានគោលបំណង ទស្សនវិស័យ និងបេសកកម្មច្បាស់លាស់។ ទន្ទឹមនឹង នេដែរ សមាគមឧកញ៉ាកម្ពុជា កំពុងសិក្សាពីលទ្ធភាពក្នុងការចាត់វិធានការផ្លូវច្បាប់លើបុគ្គលមួយចំនួនដែលយកងារជា ឧកញ៉ា ទៅប្រព្រឹត្តខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គោរមវន្តឧកញ៉ាដទៃ។ ដូច្នេះ សមាគមឧកញ៉ាកម្ពុជា សូមស្នើ ឱ្យម្ចាស់គណនីទាំងនោះធ្វើការលុបចោលជាបន្ទាន់នូវការចុះផ្សាយព័ត៌មាននោះនិងបញ្ឈប់ការចែករំលែកបន្តនូវព័ត៌មានទាំងនោះ។

សមាគមឧកញ៉ាកម្ពុជា សូមស្វាគមន៍និងលើកទឹកចិត្តរាល់ការចុះផ្សាយព័ត៌មានទាក់ទងនឹងគោរមវន្ត ប៉ុន្តែសូមធ្វើការចុះ ផ្សាយតែព័ត៌មានណាដែលពិតប្រាកដ ត្រឹមត្រូវ ដោយចំពោះ និងប្រកបដោយសុចរិតភាព ជាពិសេសត្រូវគោរព និងប្រកាន់ខ្ជាប់នូវច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងសារព័ត៌មាន និងឯកជនភាពបុគ្គល ដោយមិនត្រូវយករឿងបុគ្គលម្នាក់ទៅវាយតម្លៃធ្វើឱ្យប៉ះពាល់ ដល់ស្ថាប័នទាំងមូលឡើយ៕

អត្ថបទដែលជាប់ទាក់ទង