ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហភាពសហព័ន្ធយុវជនកម្ពុជា បានរួមចំណែកបំពេញបេសកកម្ម និងភារកិច្ចរបស់ខ្លួនលើកិច្ចការសង្គម មនុស្សធម៌ និងដើម្បីបុព្វហេតុជាតិ

79

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អញ្ជើញជា​អធិបតីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក។

សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការយុវជន បម្រើកិច្ចការមហាជនធំជាងគេនៅកម្ពុជា ដែលបានរួមចំណែកបំពេញបេសកកម្ម និងភារកិច្ចរបស់ខ្លួនលើកិច្ចការសង្គម មនុស្សធម៌ និងដើម្បីបុព្វហេតុជាតិ មាតុភូមិ តាមរយៈការងារស្ម័គ្រចិត្ត ដោយមិនប្រកាន់និន្នាការនយោបាយ វណ្ណៈ សាសនា នោះឡើយ ។

សម្តេច បានបន្តទៀតថា សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា “ស.ស.យ.ក.” បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួន ដោយឈរលើលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង ពិសេសធ្វើការបូកសរុបលទ្ធផលការងារសម្រេចបាន និងដាក់ទិសដៅអនុវត្តភារកិច្ចបន្ត ដើម្បីចូលរួមកាន់តែសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជាតិ និងប្រជាជនកម្ពុជា ។

ជាមួយគ្នានោះ កិច្ចប្រជុំក៏បានធ្វើការបោះឆ្នោតជ្រើសរើស សមាជិក គណៈកម្មាធិការកណ្តាលថ្មីចំនួន ១១៣ រូប (សរុបសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៤៨៧រូប) បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ចំនួន ៥ (សរុបសមាជិកគណៈអចិន្ត្រៃយ៍ចំនួន ៥២រូប) និងបោះឆ្នោតជ្រើសរើសអនុប្រធានចំនួន ១រូប (សរុបអនុប្រធានចំនួន ៨រូប) ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.បានផ្ដាំផ្ញើដល់លោក លោកស្រី ដែលត្រូវបានតែងតាំងថ្មី ក៏ដូចជាថ្នាក់​ដឹកនាំ ស.ស.យ.ក. គ្រប់ជាន់ថ្នាក់ឱ្យយកចិត្តទុកដាក់អនុវត្តការងារស្របតាមបេសកកម្មរបស់ ស.ស.យ.ក. និងស្របតាមការវិវត្តថ្មីៗ ដើម្បីបម្រើជាឧត្តមប្រយោជន៍ដល់សង្គម៕

អត្ថបទដែលជាប់ទាក់ទង