ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មាន “លទ្ធផលនៃជំនួបទ្វេភាគីជាមួយស្នងការសហភាពអឺរ៉ុប សម្រាប់ភាពជាដៃគូអន្តរជាតិ”

81

 

រាជធានីភ្នំពេញ ៖នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៤ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មាន “លទ្ធផលនៃជំនួបទ្វេភាគីជាមួយស្នងការសហភាពអឺរ៉ុប សម្រាប់ភាពជាដៃគូអន្តរជាតិ”។

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបទ្វេភាគី និងរៀបចំជំនួបអាហារ ការងារថ្ងៃត្រង់ជាមួយ លោកជំទាវ ជូតា អេភើលឡៃនិន ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូ អន្តរជាតិ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា ដែល ជាព្រឹត្តិការណ៍សំខាន់មួយទៀត ក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុប។

ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ជំនួយ និងការចូលរួមចំណែកដែលមិនអាចកាត់ថ្លៃបានរបស់សហភាពអឺរ៉ុប ក្នុងការស្ដារឡើងវិញ និងការអភិវឌ្ឍគួរឱ្យកត់សម្គាល់លើគ្រប់វិស័យនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៃទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប ដែលត្រូវបានកសាងឡើងដោយផ្អែកលើភាពជាដៃគូដ៏យូរអង្វែង និងការគោរពគ្នាទៅវិញទៅមក ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន អបអរសាទរ សហភាពអឺរ៉ុបដែលបានរៀបចំ ដោយជោគជ័យនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-សហភាពអឺរ៉ុបលើកទី២៤ និងវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិកលើកទី៣ នៅថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រួម របស់អឺរ៉ុបសម្រាប់ឆ្នាំ២០២១-២០២៧ កម្មវិធីច្រកទ្វារសកលនៅកម្ពុជា និងគំនិតផ្តួចផ្តើមក្រុមអឺរ៉ុប (TEIs) ដែលជាការរួមចំណែកជាវិជ្ជមានមួយទៀត ក្នុងការពង្រឹងសមត្ថភាពរបស់ប្រទេសកម្ពុជា ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលដៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការ សម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់កម្ពុជា និងប្រែក្លាយជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោកជំទាវស្នងការ អំពីការវាយតម្លៃពីស្ថានភាពកម្ពុជាសម្រាប់ការចាកចេញពីក្រុម ប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ដែលត្រូវបានរំពឹងថា អាចនៅឆ្នាំ២០២៩។

នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងនេះ លោកជំទាវ អេភើលឡៃនិន ទទួលស្គាល់ពី សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ហើយបានសម្តែងការគាំទ្រយ៉ាងខ្លាំងរបស់ សហភាពអឺរ៉ុបក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យជាមួយកម្ពុជា ដែលជាដៃគូ ដ៏សំខាន់ និងគួរជាទីទុកចិត្ត។ លោកជំទាវ បានសម្តែងនូវសុទិដ្ឋិនិយមខ្ពស់ថា ការអនុវត្តកម្មវិធីច្រក ទ្វារសកលនៅកម្ពុជា និងគំនិតផ្តួចផ្តើម សហភាពអឺរ៉ុបនៅកម្ពុជា នឹងចូលរួមលើកទឹកចិត្ត និងទាក់ទាញអ្នកវិនិយោគសហភាពអឺរ៉ុបកាន់តែច្រើនមកកម្ពុជា។ លោកជំទាវស្នងការ បានជម្រាបជូនអំពី ការត្រៀមខ្លួនផ្ដល់ការគាំទ្រចាំបាច់ សម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍ តិចតួចបំផុត។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តសភាពការណ៍នយោបាយនៅកម្ពុជាក៏ដូចជា ប្រធានបទសំខាន់ៗដទៃទៀត ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ពាក់ព័ន្ធនឹងបញ្ហាតំបន់ និង អន្តរជាតិ ជាពិសេសលើកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប សមាហរណកម្មអាស៊ាន បញ្ហាតំបន់ និងពិភពលោក។

គួរឱ្យកត់សម្គាល់ ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ អេភើលឡៃនិន ក៏បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ៤ រវាងកម្ពុជា និងសហភាពអឺរ៉ុប ដែលមានទឹកប្រាក់ប្រមាណ ៧៩ លានអឺរ៉ូ ដោយផ្តោតលើការអប់រំបច្ចេកទេស ថាមពលប្រកប ដោយចីរភាព កសិកម្មប្រកបដោយចីរភាព និងប្រព័ន្ធអាហារ និងជំនួយពាណិជ្ជកម្ម។ លោកជំទាវ អេភើលឡៃនិន និង ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមក្រុមអឺរ៉ុបនៅ កម្ពុជាដែលមានទឹកប្រាក់ប្រមាណ ១,៤ ប៊ីលានអឺរ៉ូ ដើម្បីគាំទ្រធុរកិច្ចបៃតង រោងចក្របៃតង និងការងារសមរម្យ៕

អត្ថបទដែលជាប់ទាក់ទង