ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសជាប្តីម្នាក់ ចាក់សាំងដុតប្រពន្ធ រឿងខឹងបបួលទៅរកគ្រូស្រោចទឹកឲ្យជាជំងឺ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

26

ខេត្តក្រចេះ ៖ បុរសជាជនជាតិព្នងម្នាក់ធ្វើសកម្មភាពចាក់សាំងដុតប្រពន្ធទាំងរស់នៅលើផ្ទះរបស់ខ្លួន ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ចុះស្រាវជ្រាវ និងចាប់ខ្លួនកាលព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ ហេតុការណ៍ចាក់សាំងដុតប្រពន្ធ កើតឡើងនៅវេលាម៉ោង២ឈានចូលព្រឹកថ្ងៃទី១៣ មីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចស្រះភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ឆេះ ផល អាយុ៤៧ឆ្នាំ ជាជនជាតិព្នង មានសតិមិនប្រក្រតី ។ ចំណែកជនរងគ្រោះស្ត្រីជាប្រពន្ធឈ្មោះ ខ្វែ ញ៉ាម ។ អ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ ។

តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ នៅយប់ថ្ងៃទី១២ ខែមីនា ២០២៤ ជនសង្ស័យកំពុងសម្រាកជាមួយប្រពន្ធ ។ គ្រានោះស្ត្រីជាប្រពន្ធបាននិយាយទៅកាន់ប្ដីថា ខ្ញុំចង់នាំឯងទៅរកគ្រូបុរាណខ្មែរ ដើម្បីស្រោចទឹក និងចងខ្សែចង្កេះឱ្យជានាដូចគេ កុំឱ្យមានជំងឺដូចសព្វថ្ងៃនេះតទៅទៀត។

ភ្លាមនោះ ជនសង្ស័យជាប្តីបានប្រកែកដាច់ខាតមិនព្រមទៅណាឡើយ ហើយនិយាយថាអញមិនទៅណាទេ ឯងចង់ទៅៗម្នាក់ឯងចុះ ។ ក្រោយប្រកែកគ្នាមួយប្រាវរួចមក អ្នកទាំងពីរក៏នាំគ្នាឡើងទៅសម្រាកនៅលើផ្ទះតាមធម្មតាវិញ លុះដល់វេលាម៉ោង២ឈានចូលព្រឹកថ្ងៃទី១៣ មីនា ខណៈស្ត្រីជាប្រពន្ធកំពុងដេកលក់ ជនសង្ស័យក៏បានយកសាំងកន្លះលីត្រ ទៅចាក់ស្រោចលើខ្លួនប្រពន្ធ ហើយកេះដែកកេះដុត បណ្ដាលឱ្យឆេះរលាកពេញខ្លួន ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។

ក្រោយប្រព្រឹត្តសកម្មភ្លាមៗនោះ ជនសង្ស័យក៏បានរត់គេចខ្លួន។

ទាក់ទិនករណីនេះ ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី រួមសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ចុះស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យបាននៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

ក្រោយការចាប់ឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកសាំងចាក់ស្រោចលើខ្លួនប្រពន្ធ ហើយកេះដែកកេះដុតប្រាកដមែន ដោយសារខឹងនាំទៅរកគ្រូខ្មែរស្រោចទឹក ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌស្នងការដ្ឋាននគរវាលខេត្តបន្តនីតិវិធីទៅតុលាការ ៕

អត្ថបទដែលជាប់ទាក់ទង