ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីភ្នាក់ងារកយកា គ្រោងនឹងផ្តល់ថវិកាសរុបចំនួន 14 លានដុល្លារនៅឆ្នាំ 2024 ក្នុងគម្រោងចំនួនពីរ

28

 

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៤ ប្រធានស្នាក់ការកណ្តាលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) លោកចាង វ៉ុនសំ (Chang Won Sam )បានជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាលើការពង្រឹងការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា តាមរយៈកម្មវិធីនានាដែលជាជំនួយឥតសំណងរបស់ទីភ្នាក់ងារកយកា។

កិច្ចពិភាក្សាបានចែករំលែកសមិទ្ធិផលដែល ទីភ្នាក់ងារកយកាសម្រេចបានក្នុងរយៈពេល 3 ទសវត្សរ៍កន្លងមកនេះ ចាប់តាំងពីខ្លួនបានចាប់ផ្តើមកម្មវិធីសហប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 1991។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទីភ្នាក់ងារកយកាបានគាំទ្ររាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈកម្មវិធីផ្សេងៗ ដែលមានតម្លៃប្រមាណ 366 លានដុល្លារអាមេរិក។

លោក ចាងប្រធាន ទីភ្នាក់ងារកយកាបានធានានូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងការបន្តជំនួយរបស់ ទីភ្នាក់ងារកយកាចំពោះការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ ទីភ្នាក់ងារកយកាផ្តោតលើការកែលម្អការគ្របដណ្តប់សុខភាពជាសកលសម្រាប់ជនក្រីក្រ ការគាំទ្រការអភិវឌ្ឍទេពកោសល្យនាពេលអនាគត និងការធ្វើពិពិធកម្មឧស្សាហកម្មតាមរយៈព័ត៌មានវិទ្យា(ICT) និងការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការលើកកម្ពស់ការអភិវឌ្ឍជនបទប្រកបដោយនិរន្តរភាព ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងចូលរួមចំណែកដល់ការកសាង សន្តិភាព សេរីភាព និងវិបុលភាព ដែលជាចក្ខុវិស័យកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់សាធារណរដ្ឋកូរ៉េ។លោកក៏បានសង្កត់ធ្ងន់លើជំនួយឥតសំណងដែល ទីភ្នាក់ងារកយកាប្តេជ្ញាជួយដល់ប្រទេសកម្ពុជានៅឆ្នាំ 2024, 2025 និងគំនិតផ្តួចផ្តើមសម្រាប់ឆ្នាំ 2026 ដែលផ្តោតលើការគាំទ្រដំណើរការទាំងមូលនៃការធ្វើចំណាកស្រុកដែលចាប់ផ្តើមតាំងពីការបណ្តុះបណ្តាលក្នុងស្រុក ការធ្វើចំណាកស្រុកសម្រាប់ការងារ និងការវិលត្រឡប់មកប្រទេសកំណើតវិញ ដែលកំណត់បាននូវម៉ូឌែលនៃ ភាពជាដៃគូដើម្បីសហវិបុលភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលស្គាល់សមិទ្ធផលលេចធ្លោពីភាពជាដៃគូកន្លងមកជាមួយ ទីភ្នាក់ងារកយកា ហើយសម្ដេចក៏បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងការធានាសន្តិភាព និងការអភិវឌ្ឍសកល។សាធារណរដ្ឋកូរ៉េ គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យនៃសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ លោកបានធានាឡើងវិញថា ភាពជាដៃគូដ៏រឹងមាំរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងមានសភាពកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការបន្តបន្ទាប់ជាមួយទីភ្នាក់ងារកយកា ដែលនឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

គួរកត់សម្គាល់ថា ទីភ្នាក់ងារកយកាគ្រោងនឹងផ្តល់ថវិកាសរុបចំនួន 14 លានដុល្លារអាមេរិកនៅឆ្នាំ 2024 ក្នុងគម្រោងចំនួនពីរទាក់ទងនឹងការកែលម្អមន្ទីរពេទ្យបង្អែកមួយក្នុងខណ្ឌដង្កោ និងការធ្វើឌីជីថលនៃសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងក្នុងរាជធានីភ្នំពេញ។ លើសពីនេះទៀត នៅឆ្នាំ 2025 ទីភ្នាក់ងារកយកាកំពុងពិចារណាគាំទ្រគម្រោងថ្មីចំនួន 6 ដែលមានទឹកប្រាក់សរុប 64 លានដុល្លារ លើផ្នែកដូចជា រដ្ឋបាលសាធារណៈ ការថែទាំសុខភាព ការអប់រំ កសិកម្ម និងការដឹកជញ្ជូន៕

 

អត្ថបទដែលជាប់ទាក់ទង