ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចម្រុះបណ្ដេញវៀតណាម២៦នាក់ដែលចូលមកជីក រ៉ែមាសក្នុងតំបន់កន្ទុយនាគទៅប្រទេសកំណើតវិញ

33

ខេត្តរតនគិរី ៖ ជនជាតិវៀតណាម២៦នាក់ ដែលចូលមកជីកកកាយយករ៉ែមាសខុសច្បាប់ ដែលកម្លាំងចម្រុះខេត្តរតនគិរីធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន រួមទាំងសម្ភារនិងគ្រឿងចក្រជាច្រើនគ្រឿងទៀតផងនោះ ត្រូវបានសមត្ថកិច្ចចម្រុះសម្រេចដោះលែង និងបណ្តេញចេញឱ្យទៅប្រទេសវៀតណាមវិញហើយ ។

ការបណ្តេញចេញជនជាតិវៀតណាមទាំង២៦នាក់ ដែលចូលមកជីកកកាយយករ៉ែមាសខុសច្បាប់ គឺស្ថិតនៅតំបន់កន្ទុយនាគក្នុងភូមិសាស្ត្រស្រុកតាវែង ខេត្តរតនគិរី សមត្ថកិច្ចបានសម្រេចឱ្យចេញតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះហេីយ ។

ជនអន្តោប្រវេសន៍វៀតណាមជីកយករ៉ែមាសខុសច្បាប់ ដែលត្រូវបានកម្លាំងចម្រុះចុះបង្ក្រាបដឹកនាំដោយលោកម៉ា វិចត្រ អភិបាលរងខេត្ត សម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានធ្វើឡើងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រួមនិងមន្ត្រីឧទ្យានជាតិ មន្ត្រីរ៉ែនិងថាមពលខេត្ត មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត អភិបាលស្រុកតាវែង រួមនិងមន្ត្រីពាក់ព័ន្ធមួយទៀត ដោយប្រើប្រាស់អស់ពេលចំនួន៤ថ្ងៃ ទើបធ្វើកិច្ចការនោះបានជោគជ័យ ។

ហើយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤នោះ ជនសង្ស័យទាំង២៦នាក់ត្រូវបានកម្លាំងចម្រុះធ្វើការផ្ញើទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាស ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនរួមទាំងភស្តុតាងមកសាលាដំបូងខេត្ត ។

ក្រុមការងារចម្រុះខេត្តរតនគិរីដែលដឹកនាំដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីដោយលោក កែវ ភក្ដី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ដែលបានចុះអង្កេតត្រួតពិនិត្យ បទល្មើសធនធានរ៉ែឃើញមានចំនួន៦ទីតាំងជាក់ស្តែងឃើញមានជនជាតិវៀតណាមចំនួន២៦នាក់ (ស្រីម្នាក់) ប្រើប្រាស់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ផុតកំណត់) ក៏ត្រូវបានពិន័យតាមផ្លូវច្បាប់ការងារធ្វើកិច្ចសន្យា និងបណ្ដេញចេញទៅកាន់ប្រទេសកំណើតវិញ អនុវត្តដោយមន្ត្រីអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តរតនគិរី តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។

លោកអ៊ុង ហ៊ួរ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានឱ្យ បណ្តាញសារព័ត៌មានដឹងថា ក្រោយពីបានពិនិត្យទីតាំងទាំង៦ខាងលើរួចមក លោកយល់ឃើញថា ក្រៅពីទីតាំងអនាធិបតេយ្យចាស់ (ទីតាំងទី២) ដែលទុកចោលយូរមកហើយនោះ មានទីតាំងចំនួន៥ផ្សេងទៀត មានដូចជា៖ ទីតាំងទី១-នៅដើមទីមានអេស្កាវ៉ាទ័រ១គ្រឿង ទើបចូលមក(ទុកចោល) ។ ទីតាំងទី៦ មានអេស្កាវ៉ាទ័រ១គ្រឿងឈូសឆាយផ្លូវ,។ ឯទីតាំងទី៣,៤,៥ កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលអាចឈានទៅធ្វើអាជីវកម្មមានអាជ្ញាបណ្ណ (អាជីវកម្ម) ។

ដូច្នេះ ក្រុមហ៊ុនមិនទាន់បានប្រតិបត្តិការនៅឡើយ ដែលជាសកម្មភាពខុសលក្ខខណ្ឌអាជ្ញាបណ្ណស្វែងរុករកត្រូវពិន័យតាមមាត្រាទី៣៦ថ្មី នៃច្បាប់ស្ដីពីការគ្រប់គ្រងនិងធ្វើអាជីវកម្មធនធានរ៉ែ ។ ចំណែកឯគ្រឿងចក្រជាច្រើនគ្រឿងដែលបម្រើឱ្យជាមធ្យោបាយប្រព្រឹត្តបទល្មើសជីកយករ៉ែមាសខុសច្បាប់នោះ នៅរក្សាទុកនៅនិងកន្លែងប្រព្រឹត្តសកម្មភាពនោះដដែលនៅឡើយ។

ពាក់ព័ន្ធក្នុងរឿងជនជាតិវៀតណាមទាំង២៦នាក់នេះដែរ ប្រជាពលរដ្ឋ រួមនិងមន្ត្រីស្អាតស្អំ មួយចំនួននៅតែទទួចសុំឱ្យក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន សូមមេត្តាបើកការស៊ើបអង្កេតឱ្យបានស៊ីជម្រៅផងទាន ព្រោះថា ជនអន្តោប្រវេសន៍ទាំងអស់នោះ បើគ្មានការឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីស្នាក់ការបរិស្ថាននោះទេ ពួកគេក៏មិនអាចហ៊ាននាំគ្រឿងចក្រជាច្រើនគ្រឿងចូលព្រៃឧទ្យានជាតិ និងធ្វើសកម្មភាពកាយយករ៉ែបានរលូនបែបនេះបានដែរ៕

អត្ថបទដែលជាប់ទាក់ទង