ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ស្រវឹង​ជោក​ បើកឡាន​បុ​​កនារី​ម្នាក់​ជិះ​ម៉ូតូ​ប៉ើង​ធ្លាក់​ពីលើ​ស្ពាន

35
ខេត្តបាត់ដំបង ៖ អ្នកបើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ស្ទើរតែ​លេង​ដឹងខ្លួន​ទៅ​ហើយ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​អូស​ចេញពី​ក្នុង​រថយន្ត រួច​វ៉ៃ​ខ្នោះដៃ​ក្រពាត់​ស្លាបសេក​ភ្លាម​ៗ ក្រោយ​ពី​ជន​ប្រមឹក​នេះ បាន​បើករថយន្ត​បុក​នារី​ម្នាក់​ទាំង​កំរោល ពេល​នាង​កំពុង​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា រហូត​ធ្វើ​ឲ្យ​នាង​ប៉ើង​ធ្លាក់​ពីលើ​ស្ពាន​ស្លាប់​យ៉ាង​រន្ធត់ កាលពី​វេលា​ម៉ោង​០៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៤ មីនា ស្ថិត​នៅ​ចំណុច​លើ​ស្ពាន​វត្ត​គរ ក្នុងភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង។
យោង​តាម​របាយការណ៍​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជន​ប្រមឹក​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​វ៉ៃ​ខ្នោះ​ក្រពាត់​ស្លាបសេក​នោះ ឈ្មោះ ម៉​ម សូ​ត្រា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បើករថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-148 ។
ដោយឡែក ជន​រង​គ្រោះ​ឈ្មោះ ប៊​ន ច័ន្ទ​ផា​សា អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុកសង្កែ នាង​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​.​ស ពាក់​ស្លាក​លេខ​បាត់ដំបង​1AR-8089 ។
នាយការិ​យាល័យ​ចរាចរណ៍​ជើង​គោក លោក​ចាន់ សុធី បាន​ប្រាប់​ថា បើ​តាម​ការ​ពិនិត្យ​ចំណុច​គ្រោះថ្នាក់ ឧប្បតិ​ហេតុនេះ បង្ក​ឡើង​ដោយ​ភាគី​រថយន្ត ដែល​បាន​បុក​ភាគី​ម៉ូតូ​ពេល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ពី​ខាងកើត​ទៅ​ខាងលិច ។
លោកនាយ​ការិយាល័យ​បាន​និយាយ​ថា ភាគី​រថយន្ត​ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត ឆ្ពោះទៅ​ខាងលិច​ក្នុង​ល្បឿន​លឿន ហើយ​អ្នកបើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ភាព​ស្រវឹង​ជោកជាំ​ថែម​ទៀត ។ លុះដល់​លើ​ស្ពាន​ក៏​ជ្រុល​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ បុក​អ្នក​ជិះ​ម៉ូតូ​ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ពេញ​ទំហឹង​អូស​ទាំង​ម៉ូតូ​ទាំង​ជន​រង​គ្រោះ​ត្រឡប់​ទៅ​ក្រោយ​ជា​ច្រើន​ម៉ែត្រ រហូត​នារី​រង​គ្រោះ​ប៉ើង​ធ្លាក់​ពីលើ​ស្ពាន​ស្លាប់​យ៉ាង​រន្ធត់ ។ រីឯ​អ្នកបើកបរ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​វ៉ៃ​ខ្នោះ​ភ្លាម​ៗ តែ​ជន​នេះ​ស្រវឹង​ឡើង​ទន់​ខ្លួន​ទៅ​ហើយ ។
បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ថា រថយន្ត​នោះ​បាន​បើក​យ៉ាង​លឿន​មក​ពី​ទិស​ខាងកើត ។ លុះ​ពេល​ជិះ​ជិត​ដល់​ក្បាលស្ពាន​វត្ត​គរ ឃើញ​កម្លាំង​សមត្ថកិច្ច​ជិះ​ម៉ូតូ​ល្បាត​នៅ​ចំណុច​ក្បាលស្ពាន ដែល​ទំនង​ស្មានថា ជា​កម្លាំង​នគរបាល​ចរាចរណ៍​ពិនិត្យ​ជាតិ​អាលកុល ស្រាប់​តែ​អ្នកបើកបរ​ជាន់​បន្ថែម​ល្បឿន​ប្រឹង​ឆ្លងស្ពាន ក៏​ស្រាប់តែ​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ រហូត​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ទាំង​កំរោល​អូស​ត្រឡប់​ទៅ​ក្រោយ​ប្រហែល​៤០​ម៉ែត្រ ។
សាក្សី​បាន​បញ្ជាក់​ថា រថយន្ត​នោះ​បាន​បុក​អ្នក​ជិះ​ម៉ូតូ រហូត​ជន​រង​គ្រោះ​ប៉ើង​ធ្លាក់​ពីលើ​ស្ពាន​ស្លាប់​យ៉ាង​អាណោចអាធ័ម រីឯ​ម៉ូតូ​របស់​នាង​ខូច​ខ្ទេចខ្ទីរ​អស់​គ្មាន​សល់ ខណៈ​បង្កាន់ដៃស្ពាន​បាក់បែក​ជា​ច្រើន​កំណាត់ តែ​សំណាងល្អ​រថយន្ត​មិន​ធ្លាក់​ពីលើ​ស្ពាន​ព្រោះ​បាន​បង្កាន់ដៃស្ពាន​ទប់​ជាប់ ។
លោក​ចាន់ សុធី នាយការិយាល័យ​ចរាចរណ៍​បាន​ប្រាប់​ថា ម្ចាស់​រថយន្ត​បង្ក​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​មន្ត្រី​ជំនាញ​នាំ​យក​ទៅ​កាន់​ការិយាល័យ​ដើម្បី​សួរនាំ ។ ពេល​នេះ លោកស្នងការ​ខេត្ត បញ្ជា​ឲ្យ​សួរនាំ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ៕
អត្ថបទដែលជាប់ទាក់ទង