ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី- បឹងស្នេហ៍ជាតំបន់ទេសចរណ៍សត្វស្លាបដ៏គួរជាទីទាក់ទងនៅខេត្តព្រៃវែង

26

 

ភ្នំពេញ ៖ តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍ គឺជាទីកន្លែងរកចំណី ការរស់នៅ និងបន្តពូជរបស់សត្វស្លាបទឹក ដែលក្នុងនោះបក្សីមួយចំនួនជាប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងលើពិភពលោកជាច្រើន។បច្ចុប្បន្នតំបន់នេះបានក្លាយជាទីកម្សាន្តសម្រាប់ទស្សនាសត្វស្លាបដ៏មាន សក្តានុពលមួយកន្លែងក្នុងខេត្តព្រៃវែង។

គួរបញ្ជាក់ថាតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ មានផ្ទៃដីទំហំ៣៥៥៧ហិកតា មានភូមិសាស្ត្រស្ថិតនៅក្នុងក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ ខេត្តព្រៃវែង។
លោក តូច វ៉ារដ្ឋា ប្រធានមន្ទីរបរិស្ថាន ខេត្ត ព្រៃវែង បានប្រាប់ឱ្យដឹងថាបច្ចុប្បន្នមានសត្វស្លាបរស់នៅ តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី- បឹងស្នេហ៍នេះ ចំនួនប្រមាណ៥០ប្រភេទ និងមានចំនួនសត្វចន្លោះពី ១ម៉ឺនប្រាំពាន់ទៅ២ម៉ឺនក្បាល។

ប្រធានមន្ទីរបរិស្ថាន ខេត្ត ព្រៃវែង រូបនេះបានឱ្យដឹងដែរថានៅតំបន់តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍ ក្រៅពីមានសត្វស្លាបដ៏ច្រើនគួរជាទីទស្សនាហើយ នៅមានទេសភាពដ៏ស្រស់ត្រកាល ដោយសារខែវស្សាមានផ្ទៃទឹកបឹងធំល្វឹងល្វើយ ដែលអាចឱ្យអ្នកទេសចរចូលទស្សនាបានដោយក្តីសប្បាយរីករាយ។ការធ្វើដំណើរកម្សាន្តទៅតំបន់នេះគេអាចប្រើប្រាស់មធ្យោបាយជិះទូកក្នុងនេះគេ អាចទស្សនាសត្វស្លាបតាមផ្ទៃបឹង និងព្រៃលិចទឹកមើលហើយគួរចង់គយគន់ពេកក្រៃ។ចំពោះរដូវប្រាំងគេអាចធ្វើដំណើរតាមទូកខ្លះ និងជិះរថយន្តទៅកាន់កន្លែងតំបន់ទេសចរណ៍ទាំងនេះផងដែរ។

លោក តូច វ៉ារដ្ឋាបានលើកឡើងថាពលរដ្ឋដែលរស់នៅតំបន់នេះមួយចំនួនបានទទួលផលប្រយោជន៍តាមរយៈការប្រកបរបរលើវិស័យទេសចរណ៍។តំបន់ទេសចរណ៍ធម្មជាតិទាំងនេះបាននាំមកនូវប្រាក់ចំណូលប្រជាពលរដ្ឋក្នុង ការជីវភាពប្រជាសហគមន៍មូលដ្ឋាន។
ទាក់ទិនក្នុងវិស័យទេសចរណ៍នេះដែរលោកប្រធានមន្ទីរបរិស្ថានខេត្តព្រៃវែងបានលើកឡើងថា ដើម្បីប្រសិទ្ធ ភាព និង ពង្រឹងវិធានការការពារនិងអភិរក្សធនធានធម្មជាតិ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀតឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ក្រោយ យើងចាំបាច់ត្រូវមានផែនការ យុទ្ធសាស្ត្រ ដំណោះស្រាយសមស្របនោះគឺធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុង និង ជុំវិញតំបន់តំបន់ការពារធម្មជាតិ មានជីវភាពល្អប្រសើរ។

ឯកឧត្តម សំ ប៊ុណ្ណារិន អភិបាលរងនៃគណៈអភិបាល ខេត្តព្រៃវែងបានថ្លែងបញ្ជាក់ប្រាប់ពីតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍នេះជាអំណោយធម្មជាតិដោយក្នុងនេះសម្បូរទៅដោយសត្វត្រី ក្នុងផ្ទៃទឹកច្រើនកន្លែងធ្វើឱ្យសត្វបក្សីកម្រៗទាំងនេះមករស់នៅយ៉ាងច្រើនបង្កើតជាតំបន់ទេសចរណ៍គួរឱ្យកោតសរសើរ។ក្រៅពីនេះក្រោមកិច្ចអភិរក្សយ៉ាងតឹងរឹងពីសំណាក់អាជ្ញាធរមូលដ្ឋាន មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ខេត្ត និងប្រជាសហគមន៍ធ្វើឱ្យរក្សាបាននូវសត្វកម្រៗជាច្រើនមកដល់សព្វថ្ងៃ និង ទៅថ្ងៃអនាគតសម្រាប់កូនចៅជំនាន់ក្រោយ។
ឯកឧត្តម សំ ប៊ុណ្ណារិនបានបញ្ជាក់ប្រាប់បន្ថែមថា៖ក្រៅពីកិច្ចអភិរក្សសត្វព្រៃមន្រ្តីពាក់ព័ន្ធខេត្តក៏បានការពារ ផងដែរនូវដែនជម្រកសត្វព្រៃដោយពុំឱ្យមានការរំលោភបំពានពីសំណាក់ជនខិលខូចដើម្បីធ្វើយ៉ាងណាសត្វមានទីជម្រក និងទីកន្លែងការរកចំណីរបស់ពួកវា។

គួររំលឹកថា តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍នេះ ជាបឹងមានទឹកជាអចិន្ត្រៃយ៍ទាំងនៅក្នុងរដូវប្រាំង និង រដូវវស្សាដែលផ្តល់នូវ ប្រភពទឹកស្រោចស្រព្វដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ និងសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ទីនេះក៏មានអន្លុងត្រីសំខាន់ៗដែលជាទីជម្រករស់នៅនិងបន្តពូជរបស់ត្រីជាច្រើនប្រភេទ និងជាកន្លែងនេសាទដ៏សំខាន់សម្រាប់ប្រជាជនរស់នៅជុំវិញតំបន់ទៀតផង។ក្រៅពីនេះក៏ ជាកន្លែងសម្រាកកំសាន្តនិងជាបឹងប្រវត្តិសាស្ត្រដែលបានផ្សាភ្ជាប់ជំនឿមានព្រលឹងអរូបិយ «អ្នកតាព័ន្ធតាឡី» និងបានជួយទ្រទ្រង់ដល់វត្តមានសត្វស្លាបជាច្រើនប្រភេទឱ្យរស់នៅយ៉ាងសុខសាន្តនៅក្នុងទឹកដីខេត្តព្រៃវែង ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង