ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចនាយករដ្ឋមន្ត្រី ៖ ភារកិច្ចធំបំផុតរបស់រាជរដ្ឋាភិបាលគឺ បម្រើប្រជាពលរដ្ឋ ដើម្បីធានា សុខសុវត្ថិភាព និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ

25

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ ទៅកាន់អង្គប្រជុំគណៈរដ្ឋមន្ត្រីថា ភារកិច្ចធំបំផុតរបស់រាជរដ្ឋាភិបាលគឺ បម្រើប្រជាពលរដ្ឋ ដើម្បីធានា សុខសុវត្ថិភាព និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ។

សម្ដេចធិបតី បានគូសបញ្ជាក់ជូនជនរួមជាតិអំពីជោគជ័យនៃលទ្ធផលការងារសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្រេចបានក្នុងរយៈពេល ៦ខែដំបូង។

សម្តេចធិបតី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែង និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងរយៈពេលជាង៦ខែកន្លងទៅនេះ ដោយសម្រេចបានជោគជ័យគួរជាទីមោទនៈ។

សម្ដេចធិបតី បានណែនាំឱ្យក្រុមការងារពាក់ព័ន្ធយកចិត្តទុកដាក់អនុវត្តតាមសេចក្តីសម្រេចដែលបានដាក់
ចេញដោយវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជនកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ និងពន្លឿនការដោះស្រាយ
បញ្ហានានាជូនវិស័យឯកជនក្នុងគោលដៅបង្កើតបរិយាកាសល្អទាំងការវិនិយោគនិងការប្រកួតប្រជែង។

សម្ដេចធិបតី បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យបានល្អ តាមរយៈការតុបតែងលម្អ និងរៀបចំកម្មវិធីកម្សាន្ដសប្បាយនានាជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរបរទេស។

សម្ដេចធិបតី បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងសាធារណៈដើម្បីដឹកនប្រជាពលរដ្ឋដែលទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ដោយមានបម្រើជូននូវទឹកសុទ្ធបន្ថែមពីលើសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ។

សម្ដេចធិបតី បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍សហការជាមួយបណ្តាខេត្តជាប់ព្រំដែន ដើម្បីស្វាគមន៍ប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកស្រុកកំណើតក៏ដូចជាភ្ញៀវទេសចរបរទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។ ពិធីបដិសណ្ឋារកិច្ចក៏ត្រូវធ្វើតាមព្រលានយន្តហោះផងដែរ។

សម្ដេចធិបតី ក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីផងដែរ។
សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់លើការគ្រប់គ្រងនិងការពារធនធានធម្មជាតិ
ជាពិសេសព្រៃឈើដើម្បីកុំឱ្យមានជនឆ្លៀតឱកាសបំផ្លាញធនធានធម្មជាតិ។

សម្ដេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការគ្រប់គ្រងការទន្ទ្រានតំបន់ព្រៃលិចទឹកនៅជុំវិញបឹង ទន្លេសាប និងដោះស្រាយបញ្ហាឱ្យចប់ ប្រកបដោយប្រសិទ្ធភាព និងធានានិរន្តរភាព។
សម្តេចធិបតី បានណែនាំឱ្យពិនិត្យឡើងវិញគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូច ដើម្បីធានាថា ម្ចាស់គម្រោង អនុវត្តបានត្រឹមត្រូវតាមគោលការណ៍ដែលបានកំណត់ ក្នុងនោះម្ចាស់គម្រោងណាដែលមិនធ្វើសកម្មភាព រយៈពេល៦ខែក្រោយពេលទទួលអាជ្ញាបណ្ណ ឬធ្វើសកម្មភាពខុសគោលការណ៍ដែលបានកំណត់ ត្រូវដក យកអាជ្ញាបណ្ណមកវិញ។ វិធានការនេះគឺដើម្បីធានាថា គម្រោងទេសចរណ៍ខ្នាតតូចត្រូវបានបង្កើតឡើង ដើម្បីបង្កើតការងារដល់សហគមន៍ផង ទាក់ទាញទេសចរផង និងដើម្បីធានាការពារធនធានធម្មជាតិផង។

សម្ដេចធិបតី បានថ្លែងអំណរគុណដល់សមត្ថកិច្ចនគរបាលគ្រប់លំដាប់ថ្នាក់ដែលបានខិតខំអនុវត្តការ ត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីគ្រឿងស្រវឹង។ ទន្ទឹមនឹងនោះ សម្តេច បានណែនាំឱ្យកែសម្រួលម៉ោងត្រួតពិនិត្យដើម្បីកាត់បន្ថយសម្ពាធ ទៅលើភោជនីយដ្ឋាននានា ដែលរងផលប៉ះពាល់ជាយថាហេតុដោយសារវិធានការរឹតបន្តឹងការត្រួតពិនិត្យ គ្រឿងស្រវឹងពេលយប់។ សម្ដេចធិបតី ក៏បានណែនាំឱ្យបង្កើនការអប់រំពាក់ព័ន្ធនឹងគ្រោះថ្នាក់បណ្តាលមក ពីគ្រឿងស្រវឹង ទន្ទឹមគ្នានឹងការពង្រឹងវិធានការច្បាប់។
សម្ដេចធិបតី ក៏បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ក៏ដូចជាក្រសួងមហាផ្ទៃ បន្តការត្រួតពិនិត្យលើល្បែង ស៊ីសង និងផ្សងសំណាងឱ្យមានប្រសិទ្ធភាព។

ជាចុងក្រោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ ទៅកាន់អង្គប្រជុំគណៈរដ្ឋមន្ត្រីថា ភារកិច្ចធំបំផុតរបស់រាជរដ្ឋាភិបាលគឺ បម្រើប្រជាពលរដ្ឋ ដើម្បីធានា សុខសុវត្ថិភាព និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង